ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប ឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសរឿងកាត់ទោស កឹម សុខា

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនិងការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា។ ដោយស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការ ដោយ យុត្តិធម៌ លើ លោក កឹម សុខា ត្រូវ បាន ធ្វើឡើង យ៉ាង ហ្មត់ចត់ និងបង្ហាញ យ៉ាងច្បាស់ តាម រយៈ ការ បើក សវនាការ ដោយ តម្លាភាព និង ជា សាធារណៈ ចំនួន ៦៦ លើក។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបន្តថា យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវមានការចាំបាច់សូមផ្តល់ការបំភ្លឺអង្គហេតុ និងអង្គច្បាប់ ដូចតទៅ៖

១. ការលើកកម្ពស់ និងការធ្វីឱ្យប្រសើរទ្បើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តី សិទ្ធិ និងសេរីភាពទាំងទ្បាយណាដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរ ទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។

២. នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្តល់ សិទ្ធិ ឲ្យ បុគ្គល នោះ ធ្វើសកម្មភាព ដោយ និទណ្ឌភាព ឡើយ។ បទល្មើស ដែល បាន ប្រព្រឹត្ត មិន អាច ត្រូវ បាន ប្រើជាទឡ្ហីករណ៍សម្រាប់គោលបំណង ផ្ទាល់ខ្លួន ឬ នយោ បាយ ណាមួយនោះទេ។

៣. ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការ ដោយ យុត្តិធម៌ លើ លោក កឹម សុខា ត្រូវ បាន ធ្វើឡើង យ៉ាង ហ្មត់ចត់ និងបង្ហាញ យ៉ាងច្បាស់ តាម រយៈ ការ បើក សវនាការ ដោយ តម្លាភាព និង ជា សាធារណៈ ចំនួន ៦៦ លើក។

៤. ក្រុមអ្នកជំនាញដែលបានធ្វើអត្ថាធិប្បាយដោយសំអាងទៅលើមតិរបស់ក្រុមការងារ ស្តីពីការឃុំខ្លួនតាមទំនើងចិត្ត ដែលជាបណ្តុំបុគ្គល៥រូប រួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្កឱ្យមានការភ័ន្តច្រឡំទៀតផង។ មតិ របស់ ក្រុមការងារ នេះ ពុំ មាន ទម្ងន់អ្វីទាល់តែសោះ រាប់ទាំងទម្ងន់ ផ្លូវច្បាប់មកលើ រដ្ឋ អធិបតេយ្យមួយ ។ បុគ្គលទាំង៥ រូប ពុំមែនជាមន្រ្តីអង្គការសហប្រជាជាតិ គ្រាន់តែបម្រើក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹងជាក់ស្តែងអំពីការពិត និងច្បាប់របស់កម្ពុជា។

៥. ផ្ទុយ ពី ការ ចោទ ប្រកាន់ របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ ការចាប់ និង ឃុំ ខ្លួន លោក កឹម សុខា គឺ ធ្វើទ្បើងស្រប តាម នីតិវិធី ច្បាប់ ទាំង ស្រុង។ ដោយជនជាប់ចោទបានប្រព្រឹត្តបទល្មើសជាក់ស្តែង នគរបាលយុត្តិធម៌មានសិទ្ធិអំណាចពេញលេញក្នុងការចាប់ខ្លួន នៅពេលវេលា និងទីកន្លែងណាក៏បាន ដោយមិនគិតពីអភ័យឯកសិទ្ធិសភា។ ចាប់តាំងពីការចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ មក លោក កឹម សុខា ទទួលបានសិទ្ធិ និងឱកាសការពារផ្លូវច្បាប់យ៉ាងពេញលេញ ដោយមានការគាំទ្រពីមេធាវីចំនួនបួនរូប ដើម្បីការពារខ្លួនពីការចោទប្រកាន់ និងបង្ហាញទឡ្ហីករណ៍នៅក្នុងតុលាការ ដែលជាផ្នែកនៃសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌។

៦. ការចោទប្រកាន់ថា ការឃុំខ្លួនលោក កឹម សុខា បណ្តោះអាសន្ន ធ្វើឡើងតាមទំនើងចិត្ត គឺ គ្រាន់តែជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈចង់យល់ដឹងអំពីនីតិវិធីតុលាការកម្ពុជា ពីសំណាក់ក្រុមអ្នករាយការណ៍ពិសេសទាំងនោះ។ យោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទឧក្រិដ្ឋអាចពន្យារដល់អតិបរមា១៨ ខែ។ ការដែល លោក កឹម សុខា ត្រូវបានដោះលែងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ “ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមានលក្ខខណ្ឌ” មានន័យថា គាត់ពុំស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នទៀតទេ។ វិធានការ ត្រួតពិនិត្យ របស់ តុលាការ គឺ គ្រាន់តែ ជាការធានា វត្តមាន ជនជាប់ចោទ ដើម្បី បន្ត នីតិវិធី ច្បាប់ នៅ ចំពោះមុខ តុលាការ។

៧. ការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈនៅក្នុងបន្ទុកសវនាការមានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃវិជ្ជាជីវៈច្បាប់ និងតុលាការ។ នៅ គ្រប់ ប្រទេស ប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យ ចូល ទៅ ក្នុងបន្ទប់ សវនាការ តែង តែជា ឆន្ទានុសិទ្ធិ របស់ តុលាការ ដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និង សន្តិសុខ។ ក្រុមអ្នករាយការណ៍ពិសេសប្រហែលពុំបានដឹងទេថា មានតំណាងអង្គទូតជាច្រើនបានចូលរួមតាមដាន នៅក្នុងបន្ទប់សវនការទាំងមូល។

៩. ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការបោះឆ្នោតជាសកល នៅខែកក្កដា ខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះ បញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ពលរដ្ឋ។

១០.ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយដែលអាចត្រូវបានគេចាត់ទុកថាជាការជ្រៀតជ្រែក ក្នុងប្រព័ន្ធតុលាការកម្ពុជា៕ ដោយៈ ពលជ័យ

ads banner