វិស័យទេសចរណ៍ ធ្វើឱ្យជីវភាពប្រជាសហគមន៍ផាត់សណ្តាយ មានភាពប្រសើរឡើង

អត្ថបទដោយ៖
CPA

កំពង់ធំ៖ ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិស្ថិត លើ ផ្ទៃទឹកបឹងទន្លេសាប មានសក្តានុពលធម្មជាតិដូចជា ធនធានជីវ ជម្រុះដ៏សម្បូរបែប កន្លែងកម្សាន្ត សម្រាកលម្ហែកាយបែបធម្មជាតិ រួមជាមួយនឹងផ្ទាំងទស្សនីយភាពស្រស់ស្អាតនៃផ្ទះបណ្តែតទឹក ព្រៃលិច ទឹករាប់ម៉ឺនហិកតា ដើមស្តី ដែលជាប្រភេទឈើព្រៃលិចទឹក ដែលមានទំហំដ៏ធំ (១២ឱបមនុស្សពេញវ័យ) និងមានអាយុកាលជាង ២០០ឆ្នាំ។
សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។ សហគមន៍ទេសចរណ៍មួយនេះស្ថិតក្នុងសហគមន៍នេសាទ ផាត់ សណ្តាយ ដែលដើមឡើយ ប្រជាជនប្រមាណមួយពាន់គ្រួសារដែល រស់នៅ ទីនោះពឹងផ្អែកលើរបរនេសាទស្ទើរតែទាំងស្រុង តែក្រោយ ពីការបង្កើតសហគមន៍អេកូទេសចរណ៍ធម្មជាតិមក ប្រជាសហគមន៍ នៅទីនោះបានងាកមករួមចំណែកផ្តល់សេវាកម្មទេសចរណ៍ដែលវាបានលើកកម្ពស់ជីវភាពរបស់ពួកគេមួយកម្រិតទៀត។

បើតាមលោក ហ៊ួត ស៊ីណាត ប្រធានកម្មវិធីសម្របសម្រួលជីវភាព FACT’s Livelihood Program Coordinator ដែល ជាអង្គការមួយសហការជាមួយសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយបានឲ្យដឹងថាប្រជាសហគមន៍ដែលរួមចំណែកផ្ទាល់ក្នុងវិស័យទេសចរណ៍មានភាពប្រសើរជាងមុន ពោលគឺប្រាក់ចំណូលរបស់ គាត់មានការកើនឡើង។
លោកបានបញ្ជាក់ថា ៖ «តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ ពួកគាត់បានរៀបចំផ្ទះ ឱ្យភ្ញៀវ គាត់បានចម្អិនអាហារឱ្យ ភ្ញៀវ អីចឹងទៅទាំងអស់នេះសុទ្ធតែជាចំណូល មួយទៀតពួកគាត់មានទូក នៅពេលដែលគាត់ដឹកភ្ញៀវក៏បានចំណូលមួយផ្នែកទៀត»។

ប្រភពដដែលបានបន្តថា ៖ «នៅក្នុងនោះផងដែរ ក៏ពួកគាត់មានលក់ នូវវត្ថុអនុស្សាវរីយ ជាកាបូបកែច្នៃពីកំប្លោកអីចឹងទៅ ហើយ មួយទៀត ពាក់ព័ន្ធនឹងការលក់ផលិតផលកែច្នៃត្រី ឧទាហរណ៍ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ចឹងក៏គាត់ទទួលបានចំណូលបន្ថែមដែរ»។

បន្ថែមពីលើនេះ ប្រធានកម្មវិធីសម្របសម្រួលជីវភាព រូបនេះបានឱ្យ ដឹងទៀតថា នៅពេលដែលមានវេទិកាអេកូទេសចរណ៍ថ្នាក់ជាតិ ឬក៏ថ្នាក់ខេត្ត ខាងសហគមន៍តែងជំរុញឱ្យប្រជាសហគមន៍ចូលរួម ដាក់លក់ផលិតផលរបស់ខ្លួន ដែលពួកគាត់អាចទាញយកប្រាក់ ចំណូល មួយផ្នែក ដែលទាំងអស់នេះពុំទាន់បូកបញ្ចូលនូវចំណូល ដែលបានមកពីកម្រោងស្ថានីយទឹកបរិសុទ្ធនៅឡើយ។

ជាមួយនឹងសម្រស់ធម្មជាតិ ព្រៃលិចទឹក បូករួមនឹងទេសភាព ដ៏ ស្រល់ត្រកាលជាច្រើន សហគមន៍អេកូទេសចរណ៍ធម្មជាតិនៅ លើបឹងទន្លេសាបមួយនេះបានស្រូបទាញអ្នកទេសចរទស្សនាកម្សាន្ត មិនលស់ថ្ងៃឡើយ ពោលគឺជាប្រចាំទេសចរដែលមកទស្សនាកម្សាន្ត មានប្រមាណ ៩ទៅ១០នាក់ក្នុងមួយថ្ងៃ។

លោក ហ៊ួត ស៊ីណាត បានបន្តឱ្យដឹងទៀតថា ៖ «ចំនួនទេសចរទៅ ទស្សនាសហគមន៍ ផាត់សណ្តាយ បើគិតក្នុងមួយថ្ងៃប្រហែលជា ១០នាក់ នេះបើគិតតែតាមភ្ញៀវដែលគាត់មកតាមរយៈសហគមន៍ តែបើសិនគាត់ទៅទស្សនាផ្សេងៗ ឬតាមក្រុមហ៊ុនទេសចរណ៍ ផ្សេងៗ រឿងហ្នឹងយើងក្តាប់អត់បានទេ នេះខ្ញុំនិយាយតែគាត់មក តាមសហគមន៍ បានន័យថាគាត់មកតាមរយៈសហគមន៍អេកូទេស ចរណ៍ ផាត់សណ្តាយ»។

ក្នុងចំណោមទេសចរដែលមកទស្សនាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ លោក ស៊ីណាត បានឱ្យ ដឹងថា មានទាំងភ្ញៀវ ទេសចរ ជាតិ និងអន្តជាតិ ប៉ុន្តែយ៉ាងណា មួយរយៈចុងក្រោយនេះលោកសង្កេត ឃើញថាភ្ញៀវបរទេសហាក់មានចំនួនច្រើនជាងភ្ញៀវខ្មែរ ក៏ប៉ុន្តែ ពួកគេមិននិយមស្នាក់នៅក្នុងសហគមន៍ប៉ុន្មានទេគឺដោយសារកត្តាអាកាសធាតុ។
លោក ហ៊ួត ស៊ីណាត ថា ៖ «មួយរយៈចុងក្រោយនេះ មានភ្ញៀវ បរទេសមកច្រើន។ ពួកគាត់ចាប់អារម្មណ៍ តែគ្រាន់តែថា ភ្ញៀវ បរទេសគាត់មកទស្សនា ហើយភាគច្រើនគាត់ឡើងទៅលើវិញ ព្រោះដោយសារគាត់អត់ស៊ាំជាមួយនឹងអាកាសធាតុនៅទីនេះ នៅក្នុងទឹកចឹង គាត់ពិបាកបត់ដៃបត់ជើងចឹងទៅ។

យ៉ាងណាក៏មានស្នាក់ការដែរ មិនមែនអត់ទាំងអស់ទេ ដូចថ្មីៗ ហ្នឹង គឺមានមួយក្រុម ពីរក្រុម គាត់មកស្នាក់នៅពីរយប់ បានគាត់អញ្ជើញ ឡើង ទៅវិញ»។

គួរជម្រាបដែរថា សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ធំ ហើយ អ្នកទេសចរមានជម្រើសក្នុងការធ្វើដំណើរចំនួនពីរ ពោលគឺផ្លូវគោក ប្រើប្រាស់មធ្យោបាយដោយរថយន្ត ឬម៉ូតូ និងតាមរយៈកាណូត របស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែន មកកាន់សហគមន៍ បាន៕
ដោយ៖កែវ បុស្បា

ads banner