សម្ដេចក្រឡាហោម ស ខេង ៖ ការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ , សិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ។
សម្ដេចក្រឡាហោម បន្តថា ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល» ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងបរិបទ បច្ចុប្បន្ន ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ ។
សម្ដេចក្រឡាហោមថ្លែងថា ក្រៅពីការចូលរួមការងារក្នុងវិស័យសាធារណៈ នារីមានតួនាទីជាកាតព្វកិច្ចដ៏សំខាន់មួយមិនអាចខ្វះបាន គឺជាអ្នកបង្កើតនូវអ្នកបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់រហូតមានឈ្មោះថា «នារីជាមាតាពិភពលោក»។ សម្ដេចចាត់ទុកការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជា អ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់។
សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានយកចិត្តទុកដាក់ និង លើកកម្ពស់សិទ្ធិជូនស្ត្រី ដោយបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ក៏ដូចជាកម្លាំង ចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ហើយបានបង្កើតកាលានុវត្តភាពជូនស្ត្រីទាំងអស់អោយមានឱកាសអភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេស និងផ្តល់ ឱកាសអោយស្ត្រីមានការងារធ្វើក្នុងវិស័យសាធារណៈ និងក្នុងជួររាជរដ្ឋាភិបាល។
សូមបញ្ជាក់ថាទិវាអន្តរជាតិនារី ៨មីនា ជាការដាស់តឿនក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ចងចាំថានារីមានសិទ្ធិស្មើគ្នាដូចនឹងបុរស និងជាសិទ្ធិបានមកដោយការតស៊ូពុះពារជម្នះឧបសគ្គយ៉ាងលំបាក តាំងពីជាង ១០០ឆ្នាំមុន ទម្រាំនឹងមានការទទួលស្គាល់អំពីគុណតម្លៃរបស់នារីក្នុងការចូលរួមកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស៕ដោយ-រ៉ាវុធ