ប្រធានក្រុមយុវជន១០០រាត្រី៖ ការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺដើម្បីកុំឱ្យយុវជនដែលកំពុងតែងប់ងុលជាមួយគណបក្សប្រឆាំង មកចូលរួមជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី និងជាអ្នកសម្របសម្រួលអង្គការ១៨ស្ថាប័ន ឬហៅថាយុវជនស្នាក់ការកណ្តាលសង្គមស៊ីវិល បានហៅការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺជាការមិនពិត មានលក្ខណៈញុះញង់ បំបែកបំបាក់ លាបពណ៌ គឺក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាកុំឱ្យយុវជនដទៃទៀតដែលកំពុងតែងប់ងុលជាមួយគណបក្សប្រឆាំង កុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានការពិតរបស់វិទ្យុអាស៊ីសេរី លោក មួង សូនី បានថ្លែងនៅថ្ងៃទី១៣ ខែមីនានេះថា វិទ្យុអាស៊ីសេរី ម្តងជាពីរដង និងជាច្រើនដងមកហើយ ដែលវិទ្យុនេះបានបន្តឃោសនាបែបញុះញង់ មានលក្ខណៈបំបែកបំបាក់ ចោទប្រកាន់ និងធ្វើឱ្យមហាជនមើលឃើញថា ក្រុមយុវជនរបស់លោកជាយុវជនអាក្រក់ ដែលទៅចូលរួមជាមួយរាជរដ្ឋាភិបាល ដែលគាត់ខិតខំឃោសនាក្នុងគោលដៅ គឺដើម្បីធ្វើយ៉ាងណាកុំឱ្យយុវជនដទៃទៀតដែលកំពុងតែងប់ងុលជ្រុលនិយមជាមួយគណបក្សលោកសម រង្ស៊ី កុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀត ហើយនេះជាគោលដៅរបស់គេធំណាស់។

អ្នកសម្របសម្រួលអង្គការ១៨ស្ថាប័ន បានបន្តថា វាជារឿងធម្មតាទេ ដែលវិទ្យុអាស៊ីសេរី ខិតខំផ្សាយព័ត៌មានមិនពិត ញុះញង់ បំបែកបំបាក់ ក៏ប៉ុន្តែក្នុងន័យនេះ យើងមានតែធ្វើការអំពាវនាវសុំឱ្យវិទ្យុនេះប្តូរឥរិយាបថ ប្តូរការឃោសនារបស់ខ្លួន សុំឱ្យមានធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងយុវជនមានការរួបរួមគ្នាចៀសជាងការបំបែកបំបាក់ ចៀសជាងការមើលមុខគ្នាមិនចំ ដោយសារតែការឃោសនារបស់គាត់។ នេះជារឿងមួយដែលយើងគួរគិតពិចារណាទាំងអស់គ្នា ពីព្រោះថាបញ្ហានេះវាមានកន្លងមកហើយ ហើយវាអាចនឹងមានទៅជាជម្លោះហិង្សាថ្ងៃក្រោយ។ យើងអាចមើលឃើញថា ប្រសិនបើវិទ្យុនេះនៅបន្តញុះញង់បន្តទៀត។

ជាមួយគ្នានេះ លោក មួង សូនី បានសូមឱ្យប្រជាពលរដ្ឋមេត្តាកុំជឿតាមការឃោសនារបស់វិទ្យុអាស៊ីសេរី ហើយកុំជឿទៅលើការញុះញង់របស់វិទ្យុអាស៊ីសេរី ដែលមិនមានក្ខណៈជាការពិត មិនមានលក្ខណៈជាវិទ្យាសាស្ដ្រ ពីគ្រោះគាត់ផ្សព្វផ្សាយតាមការយល់ឃើញរបស់គាត់តែប៉ុណ្ណោះ គាត់មិនដែលតេសម្ភាសន៍ជាមួយលោកផ្ទាល់ ក៏ដូចជាយុវជនដទៃទៀត៕
ដោយ៖ពលជ័យ

ads banner