ក្រសួងអប់រំប្ដេជ្ញាបន្ដបណ្ដុះការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់ក្រុមកុមារីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា កំពុងបន្ដបណ្ដុះការអប់រំបច្ចេកវិទ្យានិងសហគ្រិនភាពទៅដល់ក្រុមកុមារីនៅតាមគ្រឹះស្ថានសិក្សាសាធារណ:នានា។នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣។

ក្រសួងអប់រំបញ្ជាក់ថា ការបណ្ដុះបណ្ដាលនេះធ្វើឡើងតាមកម្មវិធីTechnovation គឺជាកម្មវិធីការអប់រំសរសេរកូដ និងសហគ្រិនភាព។ សិស្សទាំងនោះទទួលបានការបណ្ដុះបណ្ដាលរៀងរាល់ចុងសប្ដាហ៍ ដោយមានគ្រូដឹកនាំ (Mentor) នៅតាមក្លឹបគ្រឹះស្ថានសិក្សាសាធារណៈនិមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសភាពច្នៃប្រឌិត ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅនឹងបញ្ហាជាក់ស្ដែងនានា ក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព»។

ក្រសួងអប់រំបន្តថា ៖«កម្មវិធីនេះមិនត្រឹមតែលើកទឹកចិត្ត និងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំងបណ្តុះនូវជំនាញទន់ដល់កុមារីទាំងអស់ ដូចជាបំណិននៅក្នុងការធ្វើការងារជាក្រុម នវានុវត្ត ការដោះស្រាយបញ្ហា ការធ្វើបទបង្ហាញជាដើម»។

កម្មវិធី Technovation សិក្សាដោយផ្ដោតការសិក្សាទៅលើ ការកំណត់បញ្ហាដែលកើតមានក្នុងសហគមន៍របស់ពួកគាត់ផ្អែកលើ ការរៀបចំពុម្ពគំរូកម្មវិធីទូរសព្ទដៃ និងការសិក្សាទៅលើកម្មវិធីសរសេរកូដ ការសិក្សាអំពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរសព្ទដៃដែលនឹងត្រូវបង្កើតឡើង ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរសព្ទដៃជាដើម។

ប្រភពដដែលបន្ថែមថាកម្មវិធីនេះកំពុងបន្ដអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន៥០ក្រុមឬប្រមាណជាង៣០០នាក់ បានចូលរួមក្លឹបសិក្សាកម្មវិធី Technovation កម្ពុជា ឆ្នាំ២០២៣៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner