ក្រុមហ៊ុន Smart Axiata បន្តដំណើរជោគជ័យជាង ១៤ឆ្នាំ តាមរយៈដំណើរការល្អឥតខ្ចោះប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ បានរំលឹកឡើងវិញពីសមិទ្ធិផលរបស់ក្រុមហ៊ុន ក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា Smart តែងតែព្យាយាមក្នុងការអភិវឌ្ឍ និងការបង្កើតថ្មី ដើម្បីផ្តល់ជូននូវគុណតម្លៃពិសេសទៅកាន់អតិថិជន ភ្នាក់ងារលក់រាយ ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធផ្សេងៗ។ យើងរក្សានូវគុណតម្លៃរបស់យើងជាអាជីវកម្ម ដែលមានទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តដ៏ល្អរបស់យើង សុចរិតភាព និងតម្លាភាព ដែលមិនអាចកាត់ថ្លៃបាន។ លោកថា ជាមួយនឹងកម្លាំងចិត្តពីភាពជោគជ័យជាបន្តបន្ទាប់របស់យើង យើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីធានាឱ្យមានការផ្លាស់ប្តូរយូរអង្វែង និងនិរន្តរភាព តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ។
លោកនាយកប្រតិបត្តិបន្ថែមថា យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានចូលរួមចំណែកកសាងវិស័យសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាំមកនូវគុណតម្លៃល្អឯក សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
របាយការណ៍និរន្តរភាពចុងក្រោយរបស់ក្រុមហ៊ុន Smart Axiata បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទឹកប្រាក់សរុប ៤១៦លានដុល្លារ ជាតម្លៃបន្ថែមសរុប (GVA) ក្នុងឆ្នាំ ២០២១។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនក៏បានរួមចំណែកជាទឹកប្រាក់ចំណូលរបស់ខ្លួនសរុបជាង ២% សម្រាប់មូលនិធិកាតព្វកិច្ចសេវាសកល (USOF) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្ន និងជាទឹកប្រាក់ចំនួន ១% នៃប្រាក់ចំណូលសរុប សម្រាប់មូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងអក្ខរកម្មឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ទីណា