ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោប្តេជ្ញាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ជាប្រមុខ បានប្តេជ្ញាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ តាមរយៈការខិតខំកែលម្អរាល់ចំណុចខ្វះខាត ព្រមទាំងពង្រឹង និងពង្រីកឥតឈប់ឈរនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងសម្បូរសប្បាយគ្រប់ៗជំនាន់តរៀងទៅ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។ ការកើនទ្បើងនៃចំនួនប្រជាពលរដ្ឋដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមាននានាក្នុងសង្គម ពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សគ្រប់ជំនាន់របស់កម្ពុជាប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិក្នុងការរក្សាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសាកលលោក។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលកើតមានទ្បើងក្នុងទីអារាមដ៏ចំណាស់ក្នុងរាជធានីភ្នំពេញជាមួយនឹងអាយុកាលប្រមាណជាង១៩០ឆ្នាំ ដោយសមិទ្ធផលទាំងនេះបានកើតចេញសិល្បៈនៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានពីការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner