ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការកែទម្រង់កង​ទ័ព​ត្រូវបានអនុវត្តជាប់ជាប្រចាំ

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទមេបញ្ជាការកង ទ័ពជើងគោកបានបញ្ជាក់ថាការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំនិងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន ដែលផ្តោតលើគោលបំណងជាអាទិភាពចំនួនពីរ គឺ៖ ទី១. ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ និងទី២. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺនដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណីដែលសំដៅ ដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានា ជាដើម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានានិងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រ​យោង​ជំនាន់ទី៣៤,វគ្គហ្វឹកហ្វឺនជំនាញ ឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេស​មុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធផលការងារ ទាំងឡាយ ដែលបញ្ជាការដ្ឋានទ័ពពិសេសខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះទាំងលើការបំពេញភារកិច្ច ស្នូល, ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ខណៈដែលជាឆ្នាំដ៏មមាញឹកមួយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលត្រូវទទួលភារកិច្ចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់សាកលសំខាន់ៗជាច្រើន ហើយក៏ជាឆ្នាំនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ផងដែរ។ ក្នុងនេះ អង្គភាពពិតជាបានយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានកងទ័ពជើងគោកតាមរយៈ ការធានាបានទាំងស្រុងនូវតួនាទីក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រៀមប្រយុទ្ធគ្រប់ពេលវេលានិងការចូលរួមដោះស្រាយ យថាហេតុផ្សេងៗទាំងការឆ្លើយតបចំពោះវិបត្តិនៃជំងឺកូវីដ១៩និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រនិងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនសម្រាប់ យកទៅបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យកាន់តែមានប្រសិទ្ធភាពនិងសូម​កោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស,សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន​ឱរ៉ាល់,គណៈគ្រប់គ្រងវគ្គ,ក្រុមយោធាចារ្យនិងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់សហការអនុវត្តការងារហ្វឹកហ្វឺនបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបញ្ជាក់ទៀតថាវគ្គហ្វឹកហ្វឺនទាំងនេះគឺសុទ្ធតែជាវគ្គជំនាញសំខាន់ៗដែលបញ្ជាការដ្ឋានទ័ពពិសេសតែងបានរៀបចំឱ្យមានដំណើរការជាប់ជាប្រចាំរហូតមកស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចរបស់អង្គភាពផ្ទាល់ និងបណ្តាកងឯកភាពនានា៕ ដោយ៖ ពលជ័យ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ
ads banner