កូនកោងកាង ២០០០ដើមត្រូវដាំនៅក្នុងស្រុកព្រៃនប់ ដើម្បីបង្កើនធនធានជីវៈចម្រុះសមុទ្រកម្ពុជា និងជួយភពផែនដី

ខេត្តព្រះសីហនុ៖ ដើមកូនកោងចំនួន ២០០០ដើមត្រូវបានក្រុមការងារនារីក្រសួងបរិស្ថាន នាំយកទៅដាំ នៅក្នុងតំបន់សហគមន៍ ភូមិសាស្រ្តឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បបង្កើនធនធានជីវៈចម្រុះសមុទ្រកម្ពុជា និងជួយរួមចំណែករក្សាតុល្យភាពបរិយាកាស។

ថ្លែងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនកោងកាងនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយអាជ្ញាខេត្ត ព្រះសីហនុ អង្គភាពពាក់ព័ន្ធនានា រួមជាមួយសហគមន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងពិតជាមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងជួយការពារបរិស្ថាននៃភពផែនដី។

លោកជំទាវ បានបញ្ជាក់ដែរថា យុទ្ធនាការនេះរៀបចំឡើង ស្របនឹងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”។ ជាមួយការដាំដើមកោងកាងនេះ នារីក្រសួងបរិស្ថាន បានចូលរួមបង្កើតនូវអនុស្សាវរីយ៍នៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីទុកកូនចៅជំនាន់ក្រោយ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងជួយដល់ភពផែនដី។

គួរបញ្ជាក់ថា ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ព្រៃកោងកាងជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស តាមរយៈការផ្តល់ជាប្រភពអាហារ និងការរៀបចំអេកូទេសចរណ៍ធម្មជាតិ។ លើសពីនេះទៀត វាជារបាំងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូនដែលបានរួមចំណែក ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner