ប្រេស៊ីលបានបើកការបង្ក្រាបលើការវាយប្រហារក្រុមក្មេងទំនើង
ប្រេស៊ីលី៖ អាជ្ញាធរប្រទេសប្រេស៊ីលបានបើកការបង្ក្រាប លើការវាយប្រហាររបស់ក្រុមក្មេងទំនើង នៅតំបន់ភាគឦសាន។
កងកម្លាំងសន្តិសុខប្រេស៊ីលបានធ្វើការបង្រ្កាបលើក្រុមឧក្រិដ្ឋជន ដែលត្រូវបានចោទប្រកាន់ពីបទដុតរថយន្ត បាញ់រះលើអគារ និងសាបព្រួសភេរវកម្ម ក្នុងរយៈពេលបួនយប់នៃការវាយប្រហារលើទីក្រុងជាច្រើន នៅភាគឦសាន នៃប្រទេសនេះ។
អំឡុងការបង្ក្រាប កាលពីថ្ងៃសៅរ៍ ជនសង្ស័យម្នាក់ត្រូវបានសម្លាប់ និង ១៧ នាក់ត្រូវបានចាប់ខ្លួន អាជ្ញាធរនិយាយថា ការបង្រ្កាបនេះគឺទៅលើការវាយប្រហារដែលត្រូវបានរៀបចំឡើងដោយមេដឹកនាំក្រុមទំនើង ជាប់ពន្ធនាគារ ជាការតវ៉ាប្រឆាំងនឹងលក្ខខណ្ឌពន្ធនាគារ និងការរឹតបន្តឹងថ្មីលើសកម្មភាពរបស់ពួកគេពីក្រោយគុក។
ប្រតិបត្តិការសន្តិសុខបានកំណត់គោលដៅក្រុមក្មេងទំនើងនៅក្នុងទីក្រុងចំនួនបី រួមទាំងទីក្រុង ណាតាល់ (Natal) រដ្ឋធានីនៃរដ្ឋ រីយ៉ូ ហ្គ្រេនដេ ដូ ណ័រតេ (Rio Grande do Norte) ដែលជាចំណុចកណ្តាលនៃចលាចលនេះ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ទីក្រុងជាង៤០ ត្រូវបានវាយប្រហារដោយរលកនៃអំពើហឹង្សា ដែលក្នុងនោះ ក្រុមអ្នកវាយប្រហារបានដុតរថយន្ត ឡានដឹកទំនិញ ឡានក្រុង និងមណ្ឌលសុខភាព ហើយបានបន្សល់ទុករថយន្តក្រុងប៉ូលីស អាជីវកម្ម និងអគាររដ្ឋាភិបាលនានា៕
ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត