លោក ស៊ី ជីនពីង ផ្តើមទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ជំនួបកំពូលជាមួយលោក ពូទីន
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងថ្ងៃចន្ទទី២០ ខែមីនានេះ សម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។ កិច្ចប្រជុំកំពូលដែលគ្រោងធ្វើនៅថ្ងៃអង្គារសប្តាហ៍នេះដែរ នឹងក្លាយជាជំនួបផ្ទាល់លើកដំបូងជាមួយលោក ពូទីន ចាប់តាំងពីខែកញ្ញាឆ្នាំមុន។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍កន្លងទៅថា ទីក្រុងប៉េកាំងនឹងស្វែងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ។ បន្ថែមលើនេះ ប្រទេសចិននឹងរក្សាគោលជំហរដែលមានគោលបំណង និងយុត្តិធម៌លើវិបត្តិអ៊ុយក្រែន ហើយដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់កិច្ចចរចា ដើម្បីសន្តិភាព។
សូមរម្លឹកថា ប្រទេសចិនបានចេញឯកសារមួយកាលពីខែមុន ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់គាំទ្ររុស្ស៊ី និងអ៊ុយក្រែន ដើម្បីឱ្យពួកគេអាចបន្តការសន្ទនា និងឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយមួយ ខណៈដែលបណ្តាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការផ្គត់ផ្គង់ជំនួយយោធាដែលអាចធ្វើទៅបានរបស់ចិនដល់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

