ជប៉ុន-សហរដ្ឋអាមេរិកធ្វើសមយុទ្ធដែនអាកាស និងសមុទ្ររួមគ្នា
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានលើកឡើងថា កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន និងកងទ័ពអាកាសអាមេរិកបានធ្វើសមយុទ្ធរួមគ្នានៅក្នុងថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា យន្តហោះសរុបចំនួន ១០គ្រឿង ក្នុងនោះមានយន្តហោះចម្បាំង F-15 មកពីប្រទេសជប៉ុន និងយន្តហោះទម្លាក់គ្រាប់បែក B-1 របស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំង F-16 បានចូលរួមក្នុងសមយុទ្ធនៅលើដែនសមុទ្រជប៉ុន។
ក្រសួងនេះបន្តថា កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន និងកងទ័ពជើងទឹកអាមេរិកក៏បានធ្វើសមយុទ្ធរួមគ្នា ជាមួយនាវាដែលបំពាក់ដោយប្រព័ន្ធមីស៊ីល Aegis កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះផងដែរ។
ក្រសួងការពារជាតិជប៉ុនបន្ថែមថា ជប៉ុន និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់ប្រទេសទាំងពីរ ក្នុងការឆ្លើយតប និងពង្រឹងការរារាំងនៃសម្ព័ន្ធភាពរបស់ពួកគេ ខណៈដែលស្ថានភាពសន្តិសុខជុំវិញប្រទេសជប៉ុនកាន់តែតានតឹងឡើង។
សមយុទ្ធខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ហើយបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីទៀតកាលពីថ្ងៃអាទិត្យទី១៩ ខែមីនានេះផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

