ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន
ខេត្តតាកែវ ៖ ថ្លែងនៅក្នុងពិធីបើក ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើកឡើងថា ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ពិសេស បានពង្រឹងនូវសាមគ្គីភាព និងទំនាក់ទំនងល្អរវាងយុវជននិងយុវជន ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាលប្រជាជនម្នាក់លេងកីឡាមួយមុខ។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានគ្រប់កំរិត ថ្នាក់ដឹកនាំប្រតិភូកីឡា បណ្តាក្រុមហ៊ុន និងសប្បុរសជននានា ក្មួយៗកីឡាករ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំ គាំទ្រ និងឧបត្ថម្ភ ដល់ព្រឹត្តិការណ៍នេះឲ្យលេចចេញជារូបរាងឡើង។

នាឱកាសនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ រៀបចំឡើងនៅទឹកដី នៃស្រុកសំរោង ខេត្តតាកែវ មានចំនួន ១០ក្រុម មកពី ១០វិទ្យាល័យ ក្នុងស្រុកសំរោង ដើម្បីចូលរួមប្រកួត ៕

ជាវ ចន្ធូ