អ្នកនាំពាក្យក្រសួងព័ត៌មានសម្តែងការខកចិត្តយ៉ាងខ្លាំង និងទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយជាបន្ទាន់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួនជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។ សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្តតួនាទីភាកិច្ចរបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណង tach Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud” គឺសារព័ត៌មាននេះ បានកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារក្នុងកិច្ចសម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍ នៃក្រុមសីលធ៌មវិជ្ជជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យបញ្ជាក់ថា ករណីខាងលើនេះ ពុំមែនជាករណីលើកទីមួយ ដែលសារព័ត៌មាននេះ បានប្រព្រឹត្តខុសឆ្គងនោះទេ គឺកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានខេមបូព៌ា (CamboJANews)នេះ ក៍បានចុះផ្សាយនូវអត្ថបទព័ត៌មានមួយជាភាសាអង់គ្លេស ដែលមានចំណងជើងថា “ UN says press freedom in Cambodia remains severely restricted ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួនផងដែរ ប៉ុន្ដែក្នុងខ្លឹមសារនៃអត្ថបទព័ត៌មាននោះ ក៏មានខ្លឹមសារខ្លះបានប្រឌិតពាក្យពេជន៍ដោយបំភ្លឺខុសពីការពិតទាំងស្រុង នូវពាក្យពេជន៍ឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ ហើយនៅពេលនោះអ្នកនាំពាក្យក្រសួងព័ត៌មានក៍មានប្រតិកម្មចំពោះ ការចុះផ្សាយអត្ថបទនោះដែរ ប៉ុន្តែពុំមានការបញ្ជាក់ ឬកែតម្រូវលើខ្លឹមសារដែលបានចុះផ្សាយនោះទេ។

ពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចខុសឆ្គងមួយដងជាពីរដងខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មានទាមទារឱ្យសារព័ត៌មានខេមបូចា (CamboJANews) ធ្វើការកែតម្រូវខ្លឹមសារអត្ថបទ ដែលខ្លួនបានចុះផ្សាយខាងលើនេះឡើងវិញជាបន្ទាន់ ដោយត្រូវដកស្រង់ឱ្យបានត្រឹមត្រូវ និងគ្រប់ចំណុចដែលបានបំភ្លឺបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងព័ត៌មាន អំពីការលុបអាជ្ញាបណ្ណរបស់អង្គភាព សារព័ត៌មានទាំង០៣នោះ និងត្រូវគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ព្រមទាំងគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមាន ការទទួលខុសត្រូវខ្ពស់។ ក្នុងករណី មិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៍សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់បន្ថែមផងដែរថា ការសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ គឺដោយសារតែអង្គភាពសារព័ត៌មានទាំង០៣នោះ បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ខ្វះការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពី គ្រប់ភាគីពាក់ព័ន្ធទៅនឹងព័ត៌មាន ដែលអង្គភាពសារព័ត៌មានរបស់ខ្លួនបានធ្វើការផ្សព្វផ្សាយ ហើយអង្គភាពសារព័ត៌មានទាំង០៣នោះ មិនបានធ្វើការកែតម្រូវនូវព័ត៌មានដែលខ្លួនបានផ្សព្វផ្សាយ ខុសពីការពិតនោះឡើយ។ បន្ថែមពីនេះ កាលដែលអង្គភាពសារព័ត៌មានទាំងនោះ ខិតខំផ្សព្វផ្សាយព័ត៌មានខុសពីការពិតអំពីករណីវិវាទដីធ្លីនៅខេត្តបន្ទាយមានជ័យនេះ គឺដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានទទួលការពឹងពាក់ពីភាគីម្ខាងទៀត ដោយសន្យាថានឹងផ្តល់ជាសាគុណតបស្នងវិញ ប្រសិនដោះស្រាយទំនាស់ដីធ្លីខាងលើនេះបានឈ្នះ។ ម្យ៉ាងទៀត ករណីទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យខាងលើ គឺបានបិទបញ្ចប់ ដោយមានសាលក្រមស្ថាពរពីតុលាការគ្រប់លំដាប់ ថ្នាក់រួចរាល់ផងដែរ។ ទង្វើខាងលើរបស់អង្គភាពសារព័ត៌មានទាំង០៣នោះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើគោលការណ៍ក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង០៣នោះ គឺផ្អែកលើការប្រមូលព័ត៌មានពិតពីភាគីពាក់ព័ន្ធ នៃករណីនេះ មិនមែនការសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង០៣នោះ ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះបានរាយការណ៍ព័ត៌មានប៉ះពាល់ដល់តួនាទីមន្ត្រីជាន់ខ្ពស់ក្នុងជម្លោះដីធ្លី ដូចការចុះផ្សាយរបស់សារព័ត៌មាន ខេមបូចា(CamboJANews)នោះឡើយ៕
ដោយ៖ពលជ័យ

ads banner