ក្រសួងបរិស្ថានសហការជាមួយ អង្គការអភិរក្សអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ប្រជុំបូកសរុបលទ្ធផលការងារ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយ អង្គការអភិរក្ស អន្តរជាតិ ប្រចាំ កម្ពុជា បានរៀបចំសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅផែនការកាងារ សម្រាប់ ឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ ក្នុងគោលបំណង បូកសរុបលទ្ធផលការងារអនុវត្តន៍គម្រោងឆ្នាំ២០២២ ដែលត្រូវប្រមូលមតិយោបល់ពីអ្នកពាក់ព័ន្ធអំពីបញ្ហាប្រឈមក្នុងការអនុវត្តន៍គម្រោងកន្លងមក ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការ ដោះស្រាយ និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៣ ។

ពិធីនេះធ្វើឡើង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ក្រុមហ៊ុនមីតស៊ុយ និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។ ជាលទ្ធផលមានការចូលរួមយ៉ាងសកម្មពីអង្គភាពអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ ព្រមទាំងបានប្រមូលធាតុចូលដើម្បីកែលម្អសម្រាប់ធ្វើផែនការសកម្មភាពក្នុងឆ្នាំ២០២៣ ។

ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា៖ «ខណៈពេលដែលគម្រោងឥណទានកាបូនរួមគ្នា រេដបូដ ( JCM REDD+) ដំណាក់កាលទី១ (២០១៨-២០២០) នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវបានបញ្ចប់ដោយជោគជ័យនូវការផ្តល់សុពលភាព (Validation) គម្រោងនិងកំពុងធ្វើការផ្ទៀងផ្ទាត់ (Verification) គម្រោង ដើម្បីចេញនូវឥណទានកាបូននៅក្នុងរយៈពេលដ៏ខ្លីខាងមុននេះ យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលលទ្ធផលនេះនឹងបញ្ជាក់ពីការទទួលស្គាល់នូវតម្លៃ នៃធនធានព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់របស់យើង ដែលយើងអាចទាញយកផលប្រយោជន៍ពីការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីកៀរគរចំណូលសម្រាប់គាំទ្រដល់ការងារការពារនិងអភិរក្ស និងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកលផងដែរ »។

តំណាង ក្រុមហ៊ុនមីតស៊ុយ (Mitsui & Co., Ltd) បានមានប្រសាសន៍ថា៖ « វាពិតជាល្អខ្លាំងមែនទែន ដែលផលប្រយោជន៍ដែលទទួលបានពីធនធានព្រៃឈើ បានបែងចែកទៅដែល សហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារ មិនតែប៉ុណ្ណោះវាបានបំរើអោយផលប្រយោជន៍សហគមន៍ជាសកល ហើយលោកអាចនិយាយបានថាគម្រោងរេដបូកព្រៃឡងអាចនឹងបំពេញនូវតម្រូវការនេះ ហើយខ្ញុំរីករាយនឹងឃើញគម្រោងនេះបន្ត » ។

លោក អ៊ុ សូនី នាយកប្រចាំប្រទេស អង្គការអភិរក្សអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីឥណទានរួមគ្នា រេដបូកបាននឹងកំពុងអនុវត្តន៍ទាន់ពេលវេលាដើម្បីអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង ដែលជាប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ តំបន់ទំនាបដ៏ល្អមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើជួយរក្សាលំនឹងអាកាសធាតុ ធ្វើនិយ័តទឹក ផ្តល់អាហារ និងអនុផលផ្សេងៗជូនជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃ។ ការកាត់បន្ថយការបាត់បង់ព្រៃឈើ គឺគោលដៅរួមនៃកម្មវិធីឥណទានកាបូនរួមគ្នា រេដបូដ (JCM REDD+) ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។ ដើម្បីសម្រេសបេកម្មនេះតម្រូវឲ្យមានវិធីសាស្រ្តចូលរួមយ៉ាងពេញលេញពីសង្គម ពោលគឺការបេ្តជ្ញាចិត្តការពារព្រៃឡង់ ពីអ្នកពាក់ព័ន្ធទាំងអស់៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា