សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យជ្រើសរើសស្ដ្រីចូលកាន់តួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង, ស្ថាប័ននីមួយៗ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យជ្រើសរើសស្ដ្រីចូលកាន់តួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង, ស្ថាប័ននីមួយៗ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤,៧០៥នាក់ នារី ៤,២២១នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមសម្តែងក្តីរីករាយ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា ដែលជាធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។ និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី។
សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ បន្តជំរុញដល់ក្រសួង-ស្ថាប័ន ឱ្យជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេស អាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង-ស្ថាប័ន នីមួយៗ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



