សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសូមទោស និងការអធ្យាស្រ័យពីបុគ្គល ដែលប្រមាថព្រះមហាក្សត្រ នោះឡើយ
ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា សម្តេច មិនទទួលយកការសូមទោស និងការអធ្យាស្រ័យពីបុគ្គលដែលប្រមាថព្រះមហាក្សត្រនោះឡើយ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអះអាងដូច្នេះ បន្ទាប់ពីមានយុវជន ២រូប ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះមានឈ្មោះ យឹម ស៊ីណន និងឈ្មោះ ហ៊ុន កុសល បន្ទាប់ពីពួកគេទាំងពីរ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកខ្លួន ដែលមានខ្លឹមសារញុះញង់ពាក់ព័ន្ធនឹងរូបភាពអង្គព្រះមហាក្សត្រ ដែលទ្រង់យាងព្រះរាជទានព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។
សូមជម្រាបថា លោក យឹម ស៊ីណន ដែលជាអ្នកគាំទ្រម្នាក់របស់លោក កឹម សុខា បានបង្ហោះសំណេរមួយលើគណនីហ្វេសប៊ុកដែលមានខ្លឹមសារថា ៖ បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេថ្ងៃនេះ យើងអាចឃើញច្បាស់ថា អ្នកណាជាស្តេចផែនដីពិតប្រាកដ ។ ក្រោយមក លោក ក៏លុបសំណេរនេះចោលវិញ ដោយលើកហេតុផលថា មានគេអានទៅហើយយល់ច្រឡំពីអត្ថន័យរបស់លោក ហើយបានសរសេរសំណេរលើកទី២ថា៖ គ្រាន់តែខ្ញុំបង្ហោះសារ ដែលជាសំលេងរបស់អ្នកអង្គុយផឹកការហ្វេសោះ បែរជាមានបងប្អូនជាច្រើន គិតប្រៀបធៀបទៅរឿងផ្សេងទៅវិញ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំខ្លឹមសារដែលខ្ញុំបានបង្ហោះមុននេះ ខ្ញុំសូមលុបចេញវិញចុះ ។
តែបន្តិចមក សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រើគណនីហ្វេសប៊ុករបស់សម្តេចឈ្មោះ «Hun Sen» ចូលទៅសរសេរបញ្ចេញមតិ ឬ Comment នៃគណនីហ្វេសប៊ុកលោក យឹម ស៊ីណន ដោយប្រាប់លោក យឹម ស៊ីណន ថា៖ មិនបាច់លុបទេក្មួយ ។ បន្តមកទៀត មានបុរសម្នាក់ សួរសម្តេចក្នុង Comment នោះថា៖ អាចមានទោសទេសម្តេច?។ សម្តេច ឆ្លើយថា៖ បើគ្មានទោសទើបចម្លែក ព្រោះនេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណា យើងទុកជូនតុលាការជាអ្នកកាត់ក្តី។
ចំណែកឯ លោក ហ៊ុន កុសល នៅថ្ងៃដដែល ក៏បានបង្ហោះសំណេរមួយដោយភ្ជាប់ជាមួយព្រះឆាយាល័ក្ខព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលទ្រង់គង់ប្រថាប់ មុនប្រោសព្រះរាជទានព្រះអគ្គិកីឡា នៅមុខក្តារបែន ប្រាសាទអង្គរវត្ត។ សារនោះមានខ្លឹមសារថា៖ ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន។
ឆ្លើយតបនឹងការបង្ហោះនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា៖ កន្លែងណាជាការប្រមាថ ព្រះចេស្តា? ដោយក្រុមអ្នករិះគន់យល់ថា អ្នកដើរបាំងក្លស់ បែរជាបាំងជូនសម្តេច ហ៊ុន សែន មិនមែនព្រះមហាក្សត្រ។ ទាក់ទងនឹងកន្លែងអង្គុយ សម្តេចតេជោ បានអះអាងថា ប្រសិនបើពិធីការរៀបកៅអីសម្តេចស្មើព្រះមហាក្សត្រ សម្តេច នឹងដកអ្នករៀបពិធីការនោះចេញ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


