សហរដ្ឋអាមេរិក កំពុងពន្លឿនការបញ្ជូនរថក្រោះប្រយុទ្ធទៅឱ្យ អ៊ុយក្រែន
វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរបញ្ចកោណ នៅថ្ងៃទី២១ ខែមីនានេះ បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងពន្លឿនការបញ្ជូនរថក្រោះប្រយុទ្ធ Abrams ទៅកាន់ប្រទេសអ៊ុយក្រែន និងការផ្តល់ឧបករណ៍សំខាន់ៗដល់ទីក្រុងកៀវ ឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យទាហានអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
កាលពីខែមករាកន្លងទៅ សហរដ្ឋអាមេរិកបានសន្យាផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធ M1A2 Abrams កម្រិតខ្ពស់ចំនួន ៣១គ្រឿង បន្ទាប់ពីការដកចេញជាច្រើនខែនូវគំនិត នៃការដាក់ពង្រាយរថក្រោះពិបាកថែទាំនេះទៅឱ្យអ៊ុយក្រែន។ ក្រុមមន្ត្រីអាមេរិក និងប្រភពដែលដឹងពីស្ថានភាពនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អំពីការផ្លាស់ប្តូរពេលវេលានៃការបញ្ជូន។
បើតាមមន្ត្រីម្នាក់ ផែនការថ្មីនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រភេទរថក្រោះ M1A1 SA Abrams ដែលអាចដំណើរការលើប្រេងម៉ាស៊ូតដូចកងរថក្រោះអ៊ុយក្រែនភាគច្រើនដែរ។ ការផ្លាស់ប្តូរនេះក៏បង្កើនល្បឿននៃការចែកចាយប្រហែលមួយឆ្នាំផងដែរ។ នេះបើយោងតាមជំនួយការម្នាក់របស់សភាដែលបានសង្ខេបអំពីបញ្ហានេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា មន្ទីរបញ្ចកោណនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន បានធ្វើការសម្រេចចិត្ត ដើម្បីផ្តល់រថក្រោះប្រយុទ្ធ M1A1 Abrams ដែលនឹងអនុញ្ញាតឱ្យយើងពន្លឿនពេលវេលាចែកចាយយ៉ាងសំខាន់ និងផ្តល់សមត្ថភាពដ៏សំខាន់នេះដល់អ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

