រដ្ឋមន្ត្រីការបរទេសកុំមិនវែលដូមីនីក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម  វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២២-២៤ ខែ មីនា ឆ្នាំ២០២៣ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនវែលដូមីនីក ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ស្តីពីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ រដ្ឋមន្ត្រីការបរទេសនៃប្រទេសកុំមិនវែលដូមីនីកមកកាន់ព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះឯកឧត្តម វីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួបទាំងនោះ ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសកុំមិនវែលដូមីនីក ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់បណ្ឌិត វីន ហេនដឺសាន់ មកកាន់ ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនដែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា  លោកគាំទ្រចំពោះការមកបំពេញទស្សនកិច្ច លោក  វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នៅក្នុងប្រទេសកម្ពុជានាពេលនេះ ដែលជាផ្នែកមួយនៃការពង្រឹងការទូតរវាងភាគីទាំងពីរ។

លោកបន្តថា ប្រទេសកុំមិនវែលដូមីនីក ស្ថិតនៅក្នុងមហាសមុទ្ធប៉ាស៊ីហ្វិកនៃទ្វិអាហ្វ្រិកខាងជើង  និងជាប្រទេសតូចមួយ ទោះជាយ៉ាងណា នេះគឺជាការបោះជំហានរបស់កម្ពុជា  ទៅរកបណ្តាប្រទេសនានានៅលើសកលលោក  ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើសពីអ្វីដែលមានស្រាប់ ដោយមិនគិតថា​ ប្រទេសតូច ឬ ប្រទេសធំនោះទេ ។

លោកថ្លែងថា ៖ « យើងបោះជំហានទៅមុខជានិច្ច  នេះការផ្សាភ្ជាប់នៃការពង្រីកទំនាក់ទំនងការបរទេសរបស់កម្ពុជា  នៅលើពិភពលោកទាំងមូល។ បើទោះបីជានៅទីណាកន្លែងណា ប្រទេសយ៉ាងណាក៏ដោយចុះ កម្ពុជាត្រូវតែពង្រឹង និងពង្រីកទំនាក់ទំនងនេះ »។

បើតាម បណ្ឌិត យង់ ពៅ ការបោះជំហានរបស់កម្ពុជា  ជាមួយនឹងប្រទេស កុំមិនវែលដូមីនីកនេះ  គឺជាការល្អមួយសម្រាប់ផ្សារភ្ជាប់ទៅកាន់ទ្វីប អាហ្វ្រិកខាងជើងក៏ដូចបណ្តារដ្ឋកោះនៅក្នុងតំបន់មហាសមុទ្រនេះផងដែរ ដើម្បីជាការតភ្ជាប់ទាំងសេដ្ឋកិច្ច នយោបាយ  ការទូត និងទេសចរណ៍ជាដើម ព្រោះតំបន់នេះ ក៏សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយដែលមានសក្តានុពលទេសចរណ៍ផងដែរ ។

លោកលើកឡើងថាបន្តថា៖«ដូច្នេះ ខ្ញុំយល់ឃើញថា ប្រទេសកុំមិនវែលដូមីនីក ក៏មានសក្តានុពលខ្លាំងផងដែរ ព្រោះបានតភ្ជាប់ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់នោះ»៕ ដោយ៖យុទ្ធ វីរៈ

ads banner