មេពន្ធដារ៖ នៅកម្ពុជា កំពុងប្រឈមខ្លាំង ជាមួយនឹងបទល្មើសពន្ធដារ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល បានលើកឡើងថា បទល្មើសពន្ធដារ គឺជាប្រធានបទក្តៅគគុក និងពោរពេញ ទៅដោយភាពចម្រូងចម្រាសជាទីបំផុតទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល។ ដោយឡែកនៅកម្ពុជា ក៏កំពុងប្រឈមជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវាគឺជាផ្នែកមួយ ឬជាបរិវារមួយនៃបទល្មើសធំៗដទៃទៀត។ឯកឧត្តមបានថ្លែងបែបនេះ នៅកំឡុងពេលដែលមានវគ្គបណ្តុះបណ្តាលស្តីពីបទល្មើសពន្ធដារ ជូនដល់ថ្នាក់ដឹកនាំអង្គភាពពន្ធដារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តមបានបន្ថែមទៀតថា នៅកម្ពុជា និងនៅអគ្គនាយកដ្ឋានពន្ធដារ គឺយើងកំពុងប្រឈមជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវា គឺជាផ្នែកមួយ ឬជាបរិវារមួយនៃ បទល្មើសធំៗដទៃទៀត ដែលមានដូចជា បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ ជាដើម។ បទល្មើសទាំងអស់នេះមានសមាសធាតុប្រទាក់ក្រឡាគ្នា និងពាក់ព័ន្ធគ្នា ហើយអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ទាំងក្នុងទ្រង់ទ្រាយតូច និងធំ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ គឺជាបុគ្គល និងអង្គភាពដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ និងលឿនរហ័ស ដែលក្នុងករណីខ្លះគឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត។

ឯកឧត្តមបានបញ្ជាក់ថា៖« បទល្មើស ពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ មិនត្រឹមតែបង្កឱ្យប៉ះពាល់ខ្លាំងចំពោះ ថវិកាជាតិ និងសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោកប៉ុណ្ណោះទេ គឺថែមទាំងចំពោះសន្តិសុខ ស្ថិរភាពនយោបាយ និងជំនឿ ទុកចិត្តរបស់សាធារណជនលើសមត្ថភាពរបស់រដ្ឋាភិបាលចំពោះការដឹកនាំនិងគ្រប់គ្រងសង្គម និងប្រទេសជាតិទាំងមូល។ ជាការពិតណាស់អ្នកប្រព្រឹត្តបទល្មើសទាំងនោះ គឺមានគោលបំណងជាក់លាក់ច្បាស់លាស់ ដើម្បីធ្វើការបំផ្លិចបំផ្លាញផល ប្រយោជន៍ជាតិ សង្គម និងប្រជាពលរដ្ឋតែម្ដង»។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖« ខ្ញុំបានផ្តួចផ្តើម និងដឹកនាំការរៀបចំឱ្យមានវគ្គនេះឡើង គឺដើម្បីចែករំលែក និងជំរុញឱ្យមានការយល់ដឹងកម្រិតទូលំទូលាយ និងស៊ីជម្រៅនៅក្នុងអគ្គនាយកដ្ឋានពន្ធដារទាំងមូល ស្ដីពីបទល្មើសពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ ក៏ដូចជាគោលការណ៍ គោលនយោបាយសកល និងវិធានការកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល ដើម្បីជាប្រយោជន៍រួមគ្នាជាធ្លុងមួយ (A Whole of Government Approaches) ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងទល់នឹងបទល្មើសទាំងនោះនៅកម្ពុជាយើង»។

នៅក្នុងវគ្គនេះ មានរំលេចទិដ្ឋភាពទាំងស្រុងចាប់ពីប្រវត្តិសាវតារ និយមន័យ និងទ្រង់ទ្រាយនៃបទល្មើសពន្ធដារ បទល្មើស សេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ រហូតដល់គោលការណ៍ គោលនយោបាយ និងវិធានការ កម្រិតថ្នាក់ជាតិ តំបន់ និងសកលលោកទាំងមូលដែលជាជំហរ ជាប្រតិកម្ម និងជាការឆ្លើយតបទៅនឹងការកើនឡើងឥតឈប់ឈរនៃបទល្មើសពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់។ល។

លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា មានគោលការណ៍សកល ១០ចំណុច របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) សម្រាប់ប្រយុទ្ធ ប្រឆាំងនឹងបទល្មើសពន្ធដារ រួមមាន ការធានាធ្វើឱ្យបទល្មើសពន្ធដារទទួលរងនូវទោសព្រហ្មទណ្ឌ ដាក់ចេញនូវយុទ្ធសាស្ត កម្រិតប្រសិទ្ធភាពសម្រាប់ដោះស្រាយបញ្ហាបទល្មើសពន្ធដារ។

លោកបានបញ្ជាក់បន្ថែមថា៖«(OECD) វាមានអំណាចគ្រប់គ្រាន់ផ្នែកស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពក្នុងការបង្កក ឃាំងទុក និងរឹបអូសទ្រព្យសកម្ម រៀបចំរចនាសម្ព័ន្ធអង្គភាពដោយមានការកំណត់ ការទទួលខុសត្រូវច្បាស់លាស់ ការផ្តល់ធនធានគ្រប់គ្រាន់សម្រាប់ការស៊ើបអង្កេតបទល្មើសពន្ធដារ ធ្វើឱ្យបទល្មើសពន្ធដារ ជាផ្នែកមួយ ឬជាបរិវារបទល្មើសនៃការលាងសម្អាតប្រាក់ មានក្របខ័ណ្ឌកម្រិតប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរភ្នាក់ងារក្នុងស្រុក ធានាឱ្យមានយន្តការនៃកិច្ចសហប្រតិបត្តិការពន្ធដារអន្តរជាតិ ការពារសិទ្ធិរបស់ជនសង្ស័យ»៕

ដោយ៖វណ្ណ សុជាតា

ads banner