លោកម៉ាកូស៖ មូលដ្ឋានទ័ពអាមេរិកថ្មីចំនួនបួនកន្លែងនឹងត្រូវបានកសាងឡើងបន្ថែមទៀតនៅហ្វ៊ីលីពីន
ម៉ានីល៖ប្រធានាធិបតីហ្វ៊ីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr)នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣បានលើកឡើងថា មូលដ្ឋានយោធាថ្មីចំនួនបួនកន្លែងដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក នឹងត្រូវបានសាងសង់ឡើងនៅទីតាំងផ្សេងៗនៃផ្ទៃប្រទេសហ្វ៊ីលីពីន ក្នុងនោះក៏មាននៅក្នុងខេត្តមួយដែលជាប់នឹងសមុទ្រចិនខាងត្បូងផងដែរ។
សូមរំឭកថា កាលពីខែមុន លោកម៉ាកូស បានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទៅធ្វើការសិក្សាមើលទីតាំងចំនួនបួនកន្លែងបន្ថែមពីលើមូលដ្ឋានទ័ពដែលមានស្រាប់សព្វថ្ងៃនេះ ពោលគឺមូលដ្ឋានទ័ពអាមេរិកបច្ចុប្បន្នប្រចាំនៅប្រទេសហ្វ៊ីលីពីនមានចំនួនប្រាំកន្លែងរួចស្រាប់ហើយ។
មូលដ្ឋានទ័ពទាំងប្រាំ នោះគឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ ឬហៅកាត់ថា EDCA ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៤។ កិច្ចព្រមព្រៀងបង្កើតមូលដ្ឋានទ័ពអាមេរិកថ្មីនេះ បានប្រព្រឹត្តទៅចំពេលដែលចិនកំពុងបង្កើនឫទ្ធានុភាពខ្លាំងនៅសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់។
លោក ម៉ាកូស បានប្រាប់អ្នកសារព័ត៌មាននៅឯពិធីរំលឹកខួបនៃការបង្កើតកងទ័ពហ្វ៊ីលីពីនថា ទីតាំងទាំងអស់មានចំនួន បួនកន្លែងបន្ថែមទៀតដែលនឹងបង្កើតឡើងនៅពាសពេញផ្ទៃប្រទេសហ្វ៊ីលីពីន។ កន្លែងខ្លះនៅភាគខាងជើង កន្លែងខ្លះនៅក្បែរៗកោះប៉ាឡាវ៉ាន (Palawan) និងខ្លះទៀតនៅភាគខាងត្បូងប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀង EDCA បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពហ្វ៊ីលីពីនផ្សេងៗទៀត ក្នុងគោលបំណងហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងរក្សាទុកសម្ភារៈបរិក្ខារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវនៅព្រលានយន្តហោះ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធាជាដើម។ យ៉ាងណាក៏ដោយ វត្តមានរបស់អាមេរិកនៅតាមមូលដ្ឋានទាំងអស់នោះមិនជាអចិន្ត្រៃយ៍នោះទេ។
លោក ម៉ាកូស បានឱ្យដឹងថា ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកនឹងធ្វើការប្រកាសពីទីតាំងមូលដ្ឋានទ័ពជាក់លាក់នាពេលឆាប់ៗខាងមុខនេះ។ លោកបានបន្ថែមថា ទីតាំងទាំងអស់នេះនឹងជួយជំរុញសមត្ថភាពរបស់ប្រទេសក្នុងការការពារផ្នែកខាងកើតនៃកោះលូហ្សូន (Luzon) ដែលជាកោះដ៏ធំបំផុតរបស់ហ្វ៊ីលីពីន។ កោះលូហ្សូនគឺជាកោះដ៏សំខាន់របស់ហ្វ៊ីលីពីន ព្រោះវាមានទីតាំងស្ថិតនៅជិតបំផុតជាមួយនឹងកោះតៃវ៉ាន់ដែលជាកោះមានរដ្ឋាភិបាលដឹកនាំដោយខ្លួនឯង និងដែលចិនអះអាងថាជាខេត្តមួយរបស់ខ្លួន។
កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនបានក្រើនរំឭកឡើងវិញនូវជំហររបស់ខ្លួនថា ភាគីអាមេរិកកំពុងបង្កើនភាពតានតឹងតាមរយៈការពង្រីក និងពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់។ ក្រសួងដដែលបានបន្ថែមថា ប្រទេសនានាគួរតែមានការប្រុងប្រយ័ត្ន និងជៀសវាងការក្លាយទៅជាឧបករណ៍ប្រើប្រាស់របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វ៉ឹនពិន (Wang Wenbin) បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា ៖ «ជាទូទៅ យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសនានាគួរតែធ្វើឡើងក្នុងន័យអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយមិនគួរមានគោលបំណងផ្សេងទៅលើភាគីទីបី ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីនោះទេ»។
អតីតមេបញ្ជាការកងទ័ពហ្វ៊ីលីពីនមួយរូបបានថ្លែងជាសាធារណៈថា អាមេរិកបានស្នើសុំចូលទៅកាន់មូលដ្ឋានទ័ពហ្វ៊ីលីពីនដែលស្ថិតនៅក្នុងខេត្តអ៊ីសាបេឡា(Isabela)ខេត្តហ្សាមបេឡេស(Zambales)និងខេត្តខាហ្កាយ៉ាន (Cagayan) ក៏ដូចជានៅលើកោះលូហ្សូនដែលមានទីតាំងបែរមុខទៅទិសខាងជើង ឆ្ពោះទៅកោះតៃវ៉ាន់ និងនៅលើកោះប៉ាឡាវ៉ានដែលស្ថិតនៅភាគនិរតី ក្បែរប្រជុំកោះ Spratly ដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង។
គួរដឹងដែរថា មេដឹកនាំមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់លោក ម៉ាកូស បានសម្ដែងការមិនយល់ស្របជាមួយនឹងការចុះកិច្ចព្រមព្រៀង EDCA ដែលជាការសម្រេចចិត្តរបស់លោក ម៉ាកូស។ ពួកគេមានការព្រួយបារម្ភថា ប្រសិនបើមានជម្លោះពិតមែនរវាងសហរដ្ឋអាមេរិក និងចិនជុំវិញបញ្ហានៅកោះតៃវ៉ាន់ នោះប្រទេសហ្វ៊ីលីពីនអាចនឹងត្រូវបានអូសចូលទៅក្នុងជម្លោះនោះផងដែរ។
ប៉ុន្តែលោក ម៉ាកូស បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកបានពិភាក្សាជាមួយមេដឹកនាំទាំងនោះពីសារៈសំខាន់នៃការពង្រីកសិទ្ធិរបស់សហរដ្ឋអាមេរិកក្នុងការចូលទៅក្នុងមូលដ្ឋានទ័ព ហើយប្រធានាធិបតីរូបនេះក៏បានធ្វើការពន្យល់បន្ថែមពីមូលហេតុថាតើហេតុអ្វីបានជាសិទ្ធិចូលមូលដ្ឋានយោធារបស់ហ្វ៊ីលីពីនពីសំណាក់អាមេរិកពិតជាមានសារៈសំខាន់សម្រាប់ខេត្តរបស់ពួកគេ។
ដោយឡែក ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃស្មើនឹង ៨០ លានដុល្លារនៅតាមតំបន់មូលដ្ឋានទ័ពដែលមានស្រាប់ចំនួនប្រាំកន្លែង។ ក្នុងនោះរួមមាន មូលដ្ឋានទ័ពអាកាសនៅកោះប៉ាឡាវ៉ាន មូលដ្ឋានទ័ពអាកាសនៅខេត្តផាំផាងហ្កា (Pampanga) បន្ទាយទាហាននៅខេត្តណូវ៉ាអេជីចា (Nueva Ecija) មូលដ្ឋានទ័ពអាកាសនៅខេត្តហ្សេប៊ូ (Cebu) និងមូលដ្ឋានទ័ពអាកាសនៅឯកោះមីនដាណាវ (Mindanao)។
ថ្លែងនៅចំពោះមុខកងទ័ពហ្វ៊ីលីពីន លោក ម៉ាកូស បានប្រាប់ពួកគេឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការគំរាមកំហែងពីកម្លាំងខាងក្រៅចំពោះសន្តិសុខកាន់តែច្រើន និងស្មុគស្មាញ ហើយមិនអាចទាយទុកជាមុនបាននោះទេ។
លោកមានប្រសាសន៍ថា ៖ «ត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងកត្តាដែលនឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាករបស់យើង។ យើងក៏ត្រូវបន្តបង្កើតទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងជាមួយសមភាគីបរទេសផងដែរ»។
ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ចំពោះការលើកឡើងរបស់ខ្លួន លោក ម៉ាកូស បានរំលេចថាការគំរាមកំហែងដែលកំពុងកើតមានមកលើទឹកដីប្រទេសហ្វ៊ីលីពីន តម្រូវឱ្យមានការកែប្រែយុទ្ធសាស្ត្រមួយចំនួន។ លោកបាននិយាយថា បរិយាកាសសន្តិសុខនៅខាងក្រៅកាន់តែមានភាពស្មុគស្មាញ ហើយវាក៏ជារឿងដែលកាន់តែមិនអាចទាយទុកជាមុនបានឡើយ៕
ដោយ៖ធា សុណា
ប្រភព៖ Marcos says new military bases with US to be ‘scattered’ around the Philippines