ខេត្តព្រៃវែងប្តេជ្ញាពង្រីកបច្ចេកទេសកសិកម្មបន្ថែមដល់ប្រជាកសិករ ដើម្បីរក្សាតំណែងជាខេត្តផលិតស្រូវច្រើ​នជាងគេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញនូវការប្តេជ្ញាចិត្តថា នឹងខិតខំបណ្តុះបណ្តាលចំណេះដឹងបច្ចេកទេស​កសិកម្មថ្មីៗ ដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករបន្ថែមទៀត ដើម្បីរក្សាតំណែងជាខេត្តដែលបានផលិតស្រូវច្រើ​នជាងគេ និងជាប់លេខ១នៅកម្ពុជា។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈសន្និសីទ​សារព័ត៌មានស្ដីពី «ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​» របស់​រដ្ឋបាល​ខេត្ត​ព្រៃវែងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៣។សន្និសីទសារព័ត៌មាននេះរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ជា សុមេធី ​អភិបាល​ខេត្ត​ព្រៃវែងបានឱ្យដឹងថា ព្រៃវែង ​ជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានស​ក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួនបីឆ្នាំជាប់ៗគ្នា ហើយក៏ជាខេត្តមួយមានច្រកនាំ​ចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាងផងដែរ។

ឯកឧត្តមបន្តថា រយៈកាលប្រាំឆ្នាំកន្លងមកនេះ វិស័យកសិកម្មរបស់ខេត្ត មានការរីកច្រើនគួរឱ្យកត់សម្គាល់ រួមមាន ការងារផលិតកម្មដំណាំស្រូវ ខេត្តផលិតបានបរិមាណផលស្រូវសរុបចំនួនជាងប្រាំពីរលានតោន (ជាមធ្យមអាចផលិតបានជាងមួយលានតោនក្នុងមួយឆ្នាំ) ក្នុងនោះ បរិមាណស្រូវដែលនៅសល់ពីការប្រើប្រាស់ក្នុងខេ​ត្តសរុបចំនួនជាងប្រាំលានតោន គឺសម្រស់នាំចេញទាំងក្នុងប្រទេស និងក្រៅប្រទេសថែមទៀត។

ឯកឧត្តម ជា សុមេធី បញ្ជាក់ទៀតថា ជាមហិច្ឆតារបស់ខេត្ត ទោះជាមកដល់ពេលនេះ អាចផលិតស្រូវបានច្រើនយ៉ាងណាក្តី ក៏ខេត្តប្តេជ្ញានឹងជំរុញឱ្យមានកំណើនលើការផលិតស្រូវ ក៏ដូចជាដំណាំសក្តានុពលរបស់ខេត្តដទៃទៀ​ត។ ហេតុនេះ ដើម្បីបន្តសម្រេចបានគោលដៅនេះ រដ្ឋបាលខេត្ត នឹងខិតខំបណ្តុះបណ្តាលចំណេះជំ​នាញ បច្ចេកទេសកសិកម្ម ពិសេសបច្ចេកទេសកសិកម្មទំនើបដល់ប្រជាពលរដ្ឋ។

អភិបាល​ខេត្ត​ព្រៃវែង រូបនេះបញ្ជាក់ថា ៖ «ទោះបីទិន្នផលទទួលបានច្រើន តែមិនទាន់ជាការគាប់ចិត្តរ​បស់យើងនោះទេ គឺយើងនៅតែខំកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តបន្ថែមទៀត និងខិតខំពង្រឹងស​មត្ថភាពលើការផលិតស្រូវ ការចិញ្ចឹមសត្វ និងចិញ្ចឹមត្រីជាដើម ដើម្បីទទួលបានបរិមាណកាន់តែច្រើន ខ​ណៈយើងនឹងខំជម្រុញលើការផលិតពូជស្រូវ ដែលមានគុណតម្លៃនៅលើទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងសេដ្ឋកិច្ចខេត្តផងដែរ»។

 លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា ខេត្តព្រៃវែង មានប្រជាពលរដ្ឋប្រកបរបរកសិកម្មប្រមាណ៧៨ភាគរយ។ លោកថា ដោយសារខេត្តមានស​ក្តានុពលប្រព័ន្ធស្រោចស្រពច្រើន បានធ្វើឱ្យការធ្វើការកសិកម្មអាចធ្វើច្រើនដងក្នុងមួយឆ្នាំៗ ដែលជាហេ​តុជំរុញឱ្យខេត្តក្លាយជាខេត្តផលិតស្រូវច្រើនជាងគេក្នុងចំណោម២៥ ខេត្ត/ក្រុង។

លោកបានបន្តថា ហេតុនេះ ដើម្បីជំរុញវិស័យកសិកម្មរបស់ខេត្តបន្ថែមទៀត ក្នុងនាមមន្ទីរនឹងខិតខំកៀរគរ បណ្តាអ្នកវិយោគនានា ដើម្បីវិនិយោគលើកន្លែងកែច្នៃអង្ករបន្ថែមទៀត ដើម្បីឆ្លើយតបកំណើនទិន្នផលស្រូវ ពិសេសជំរុញការនាំចេញឱ្យកាន់តែខ្លាំងថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញថាខេត្តនេះជាខេត្តជាប់លេខ១ ចំនួន ៣ឆ្នាំជាប់គ្នា លើការផលិតស្រូវ។ ខេត្តមានផ្ទៃដីដាំដុះសរុបចំនួន ៣៣៧ ០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សាចំនួន ២៥០ ០០០ហិចតា ផ្ទៃដីដាំដុះស្រូវប្រាំងចំនួន ៧៥ ០០០ ហិកតា និងផ្ទៃដីដាំដុះដំណាំរួមផ្សំផ្សេងៗចំនួន ១២ ០០០ហិចតា។

ក្នុងរយៈកាល៥ឆ្នាំកន្លងមកនេះ បរិមាណស្រូវដែលនៅសល់ពីការប្រើប្រាស់ក្នុងខេត្តសរុបចំនួនជាង ៥លានតោន បាននាំចេញទាំងក្នុង និងក្រៅប្រទេស ដោយគិតជាថវិកាប្រមាណ ១,២៥០ លានដុល្លារ។

លើសពីនេះទៅទៀត ខេត្តព្រៃវែងជាមាត់ច្រកសម្រាប់នាំចេញស្រូវ និងផ្លែស្វាយ ទៅកាន់ប្រទេសជិតខាងកម្ពុជា ដោយក្នុងនោះ ក្នុងមួយ១ឆ្នាំៗ បាននាំចេញស្រូវសរុបចំនួន ១.២២១.៩៨៨តោន ទទួលបានចំណូលសរុប ៣១១,៦០លានដុល្លារ ខណៈខេត្តក៏បាននាំចេញផ្លែស្វាយសរុបចំនួន ៩៣.៣០០តោន ដោយទទួលបានចំណូលសរុប ច្រមាណ ១៩,៥៩លានដុល្លារថែមទៀត៕

​ដោយ៖សែម ពិសី

ads banner