ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅតំបន់ ឃឺស៊ន ដែលដណ្តើមយកមកវិញពីការកាន់កាប់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ច នៅតំបន់ (Kherson) ឃឺស៊ន ដែលដណ្តើមបានយកមកវិញពីការកាន់កាប់រុស្ស៉ីវិញ ហើយសន្យាថា ស្តារឡើងវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចនៅតំបន់ ឃឺស៊ន (Kherson) ភាគខាងត្បូង ដោយបានធ្វើដំណើរទៅមើលហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងសន្យាថានឹង «ស្តារអ្វីៗទាំងអស់ឡើងវិញ»។

ដំណើរទស្សនកិច្ចទៅកាន់តំបន់ ដែលអ៊ុយក្រែនបានដណ្តើមបានយកមកវិញពីការកាន់កាប់រុស្ស៉ី ដោយជោគជ័យកាលពីចុងឆ្នាំមុននេះ គឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកនៅក្រៅក្រុងកៀវក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃពុធ លោកបានទៅសួរសុខទុក្ខទាហាននៅជិតទីក្រុងជួរមុខ បាក់មូត (Bakhmut) ភាគខាងកើតនៃប្រទេស។

លោក ហ្សេឡែនស្គី (Zelensky) បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដោយភ្ជាប់ជាមួយរូបភាពនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ ឃឺស៊ន ថា «ខ្ញុំបានជួបពិភាក្សាជាមួយអ្នករស់នៅក្នុងតំបន់អំពីបញ្ហា និងតម្រូវការបច្ចុប្បន្នរបស់ពួកគេ»។

លោកបានសង្កត់ធ្ងន់ថា «យើងនឹងស្តារអ្វីៗទាំងអស់ឡើងវិញ។ យើងនឹងសាងសង់ឡើងវិញដូចគ្នានឹងគ្រប់ទីក្រុង និងភូមិដែលរងគ្រោះដោយសារអ្នកឈ្លានពាន»។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនកាលពីឆ្នាំមុន បានរុញកងកម្លាំងរុស្ស៊ីចេញពី តំបន់ ឃឺស៊ន (Kherson) បន្ទាប់ពីការកាន់កាប់អស់ជាច្រើនខែ ហើយកម្មករនៅតំបន់នេះកំពុងមមាញឹកក្នុងការស្តារចរន្តអគ្គិសនី និងទឹកឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner