ឯកឧត្តម ឈិន កេតនា ជំរុញឱ្យក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឲ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា បានជំរុញឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជខេត្ត រៀបចពិធីបុណ្យចូលឆ្នាំថ្មី ឲ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ដែលមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម បន្តថា នៅក្នុងបុណ្យចូលឆ្នាំថ្មី ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី និងតាមទីវត្តអារាមនីមួយៗ ត្រូវរៀបចំនូវកម្មវិធីឲបានច្រើន ដូចជាកម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ពិធីកម្សាន្តសប្បាយដូចជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។

ការលើកឡើងរបស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសំណូមពរឲ្យក្រសួងមានសមត្ថកិច្ច សូមឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ធានាបានសុវត្ថិភាពមុននិងក្រោយ ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំនៅតាមទីវត្តអារាម មណ្ឌលកម្សាន្ត រមណីយដ្ឋាននានានៅរាជធានីភ្នំពេញ និងគ្រប់ខេត្ត ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋចូលរួមកម្សាន្តផងដែរ ៕

រូបភាព រិន រចនា អត្តបទ ង៉ាន់ ទិត្យ