ឯកឧត្តម ជា សុផារ៉ា ៖ រាល់គម្រោងទាំងអស់ ដែលទទួលបានការគាំទ្រពីជប៉ុន សុទ្ធតែទទួលបានជោគជ័យទៅលើគ្រប់ការដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា រាល់គម្រោងទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនសុទ្ធតែទទួលបានជោគជ័យទៅលើគ្រប់ការដ្ឋានទាំងអស់ ។

ឯកឧត្តម បន្ថែមថា រាល់គម្រោងទាំងអស់ចាត់ទុកថា ជាគម្រោងមានលក្ខណៈ និរន្តរភាពបម្រើឱ្យផលប្រយោជន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជារួមដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បញ្ហាបណ្តុះបណ្តាលនិងការសហការគ្នា គឺចាត់ទុកថា ជាគម្រោងដែលមានលក្ខណៈនិរន្តរភាពយូរអង្វែងហើយរាល់គម្រោងទាំងអស់គឺមានគុណភាពដោយមិនមែនសម្ពោធរួចជួសជុលតាមក្រោយនោះទេ។

ការលើកឡើងនេះ ធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ទី២៧ ខែមិនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោកស្រី KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោកស្រីនឹងបញ្ចប់ បេសកកម្មនាពេលឆាប់ៗខាងមុខនៅកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បញ្ជាក់ថា យើងទទួលបានជោគជ័យលើច្បាប់សំណង់រួចហើយ គឺបានធ្វើឱ្យវិស័យសំណង់មានសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពយូរអង្វែង ។

ឯកឧត្តមលើកឡើងថា មុនពេលមានច្បាប់សំណង់នេះ គឺម្ចាស់សំណង់ និងអ្នកវិនិយោគ គឺសាងសង់តាមតែចិត្តប៉ុន្តែក្រោយពេលមានច្បាប់សំណង់ គឺបានធ្វើឱ្យពួកគាត់ចាប់អារម្មណ៍មកសុំច្បាប់អនុញ្ញាត ហើយស្ថាបត្យករ វិស្វករបានចាប់អារម្មណ៍មកចុះឈ្មោះ និងទទួលយកការបណ្តុះបណ្តាលដែលនេះបង្ហាញឱ្យឃើញពីការរីកចម្រើនមួយផ្នែក ។ ដោយឡែកបញ្ហាចុះបញ្ជីដីធ្លីនៅពេលដែលយើងទទួលបានការគាំទ្រនោះ យើងមានភាពជាក់លាក់ និងមានជំនឿជឿជាក់លើបញ្ហានេះដោយបច្ចុប្បន្នយើងបានដំណើរការចុះបញ្ជីដីធ្លីបាន ៩៧,២% លើ ៧លានក្បាលដីនៅទូទាំងប្រទេសដែលអាចផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែង និងផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគដែលនេះចាត់ទុកថា ជាការធានាបាននូវនិរន្តរភាពពិតប្រាកដក្នុងការអភិវឌ្ឍក្រោមជំនួយរបស់ជប៉ុន ។

លោកស្រី Kamei Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនJICAប្រចាំនៅកម្ពុជា បានបញ្ជាក់ថា គម្រោងដែលសម្រេចបានកន្លងមកបច្ចុប្បន្ន Jica កំពុងតែបន្តអនុវត្តគម្រោងថ្មីគឺគម្រោងកសាងនិងអភិវឌ្ឍជាអចិន្រ្តៃយ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលការងារនេះកំពុងតែដំណើរការ។ លោកស្រីបន្ថែមថា ភាគីជប៉ុនស្នើសុំកិច្ចសហការពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងព្យាយាមប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់គម្រោងតាមការគ្រោងទុក ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner