កម្ពុជា ប្តេជ្ញា បោសសម្អាតមីន ឱ្យបានអស់ទាំងស្រុងទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ប្រតិភូ មជ្ឈមណ្ឌលសហប្រតិបត្តិការ សម្ភារ បរិក្ខារយោធា កងទ័ពរំដោះប្រជាជនចិន (PLA ) ដឹកនាំដោយលោកវរសេនីយ៍ឯក Ma Chun Cai កាលពីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានថ្លែងថា ក្រោយបញ្ចប់សង្គ្រាម រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាមីន និងជនរងគ្រោះដោយសារមីន ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិលើសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ក្នុងគោលបំណងបោសសម្អាតមីនឱ្យបានអស់ទាំងស្រុងទូទាំងប្រទេសត្រឹមឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បន្តថា សង្គ្រាមបានបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមានគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ក្នុងនោះ កម្ពុជា ក៏ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសទាំងនោះ ដែលជាអ្នករងគ្រោះដោយសារគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៤,៦២៧គីឡូម៉ែត្រក្រឡា និងបានបន្សល់ទុកនូវជនរងគ្រោះដោយសារមីនផងដែរ ។

ឯកឧត្តម បញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោសសម្អាតផ្ទៃដីបានទំហំ ២,៦៥១គីឡូម៉ែត្រក្រឡា និងនៅសល់ផ្ទៃដីប្រមាណ ១,៩៧៦គីឡូម៉ែត្រក្រឡា បន្តបោសសម្អាត។ ដើម្បីជំរុញប្រសិទ្ធភាព និងសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានផ្សព្វផ្សាយ និងដាក់ចេញនូវ “គម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និង “គម្រោងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានបន្តែមទៀតថា ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិគ្មានមីន ឆ្នាំ២០២៥ កងទ័ពជើងគោក បានសម្រេចបង្កើតកងកម្លាំងបោសសម្អាតមីនចំនួន ៤៥កង ស្មើនឹង ១,១៧០នាក់ ក្នុងនោះ ១៦កងបានហ្វឹកហ្វឺនរួច កន្លងមកបានចុះប្រតិបត្តិការបោសសម្អាតមីនជាក់ស្តែង នៅក្នុងភូមិសាស្ត្រ ០៧ឃុំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថិតក្រោម “គម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម” សម្រេចបានផ្ទៃដីទំហំ ៣១,៦០០,៦៣៨ម៉ែត្រក្រឡា និងបច្ចុប្បន្នបាននឹងកំពុងបន្តប្រតិបត្តិការណ៍បោសសម្អាតមីន នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ដែលស្ថិតក្នុង គម្រោងមូលិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ជាលទ្ធផលគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្រេចបោសសម្អាតផ្ទៃដីបាន ៦,៥២៧,៩០២ ម៉ែត្រក្រឡា លើផែនការទំហំផ្ទៃដី ៣៧,៦២៦,៣៣៨ម៉ែត្រក្រឡា។ តាមផែនការបោសសម្អាតមីនកងទ័ពជើងគោក ១៩កងទៀត ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន នឹងចល័តកម្លាំងចូលរួមបោសសម្អាតមីននៅភូមិសាស្ត្រខាងលើនាចុងខែមេសាខាងមុខនេះ។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក Ma Chun Cai បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំបំពេញភារកិច្ចរបស់ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន កងទ័ពជើងគោក ដែលបានអនុវត្តន៍ជោគជ័យតាមផែនការ មេញ្ជាការកងទ័ពជើងគោក ។ ហើយភាគីមិត្តបានទទួលយកសំណើដែលគណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីនកងទ័ពជើងគោកស្នើសុំផងដែរ ៕

ប្រភព ៖ កងទ័ពជើងគោក