ការប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ បានទាញចំណាប់អារម្មណ៍មនុស្សរាប់រយនាក់ មកទស្សនា

កំពង់ស្ពឺ៖ មានមនុស្សប្រុស ស្រី ចាស់ក្មេង រាប់រយនាក់បានមកទស្សនាការប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមន៍ចិញ្ចឹមគោនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លើទីលានទល់មុខការ៉ាស់សាំង PTT ក្នុងក្រុងច្បារមន ។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោដែលចូលចិត្តពិធីនេះមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនជារៀងរាល់ឆ្នាំ គឺដើម្បីផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តចំនួន ៣៩នឹម បានចូលរួមប្រកួត ។

លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរៀបចំប្រណាំងរទេះសាឡីគោលឿននេះគឺជាផ្នែកមួយនៃការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តដែលខេត្តនេះតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីចូលរួមថែរក្សានិងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែលជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។

បច្ចុប្បន្នថ្វីត្បិតកសិករមួយភាគធំបានងាក់ទៅប្រើប្រាស់គ្រឿងចក្រជំនួសឱ្យសត្វគោក្នុងវិស័យកសិកម្មក្តី ក៏នៅមានពលរដ្ឋខ្មែរខ្លះនៅតែពេញនិយមចិញ្ចឹមគោ ដើម្បីជាប្រយោជន៍ផ្សេងៗ។ ពិធីប្រណាំងរទេះសាឡីគោលឿន នេះពិតជាបានបង្ហាញឱ្យឃើញនូវលក្ខណៈជឿនលឿន និងលក្ខណៈដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបន្តរក្សាយ៉ាងគង់វង្សនិងស្ថិតស្ថេរបំផុតនូវទំនៀមទម្លាប់ ប្រពៃណីពីបុរមបុរាណនៃយើង។ ថ្វីត្បិតថ្ងៃក្តៅបន្តិច តែបងប្អូនអ្នកទស្សនារីករាយក្នុងការទទួលយកទស្សនីយភាពនេះ ដោយសម្លេងស្រែកហូរសប្បាយយ៉ាងកងរំពង។

អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងនេះបាននិយាយថាពួកគាត់ពិតជាមានការសប្បាយរីករាយណាស់ ទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រនិងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌និងសិល្បះ សហភាពសហពន្ធ័យុវជនកម្ពុជា(សសយក)ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានរាល់ឆ្នាំ ៕ ដោយ ៖ ម៉ុន សំអាត

ads banner