សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នសារព័ត៌មានជាច្រើន កំពុងដំណើរការនាពេលនៅកម្ពុជា តែបើរំលោភច្បាប់ ត្រូវលុបបំបាត់ចោលតែម្ដង
ត្បូងឃ្មុំ: សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នសារព័ត៌មានជាច្រើន កំពុងដំណើរការនាពេលនៅកម្ពុជា ។ សម្ដេចថា បើស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនចាំបាច់ទុកនោះទេ ត្រូវលុបបំបាត់ចោលតែម្ដងទៅ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា និយាយពីសេរីភាពនៃសារព័ត៌មាន មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ កំពុងតែធ្វើព័ត៌មានរាល់ថ្ងៃ ម៉េចក៏ចាំគិតសារព័ត៌មានដែលវាអាក្រក់ប៉ុន្មាននាក់។ ស្ថាប័នព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ រំលោភច្បាប់ នាំគ្នាទៅគិតអាហ្នឹង គិតអាភាគតិច ។អត់គិតអាភាគច្រើនទេ ។
សម្ដេចតេជោ បានបញ្ជាក់ថា មនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្ដខុស ហើយត្រូវដកអាជ្ញាបណ្ណ ប៉ុន្ដែមិនបាននិយាយអំពីសារព័ត៌មានជាច្រើន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមិត្តភក្តិបរទេសថា ឥលូវជ្រើសរើសប្រទេសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុម ដែលប្រព្រឹត្តិខុស, សុំឱ្យបរទេសធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោស ខ្លួនធ្វើទៅ ហើយអាចផ្តាច់ទូតចេញពីកម្ពុជា ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេស និងប្រទេស ដែលមានទំនាក់ទំនងគ្នាផ្លូវទូត។
សម្តេចបានបញ្ជាក់ទៀតថា រឿងអី រឿងប្រទេសរបស់កម្ពុជា ហើយលូកដៃមកទាំងបំពាន ហើយមកប្រដៅយើងថា ត្រូវគោរពច្បាប់ ត្រូវបែងចែកអំណាច អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ក៏ប៉ុន្តែខ្លួនឯង មកជ្រៀតជ្រែកតែដំណើរការតុលាការ ហើយមកបង្ខំនាយករដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាល ឱ្យទៅជ្រៀតជ្រែកបញ្ហារបស់តុលាការ ចឹងម្ខាងអ្នកឯងមកប្រដៅខ្ញុំអញ្ចេះ ម្ខាងអ្នកឯងមកសង្គត់ខ្ញុំអញ្ចុះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា កិច្ចការរបស់កម្ពុជា គឺកម្ពុជា ត្រូវតែរក្សានូវជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូរទូលំទូលាយ ហើយគ្រប់មុខព្រួញទាំងអស់ គឺកម្ពុជាមិនធ្វើសត្រូវជាមួយអ្នកណាទេ ក៏ប៉ុន្តែគ្រាន់ចង់ប្រាប់ទៅមិត្តបរទេសទាំងឡាយថា អ្នកជ្រើសរើសមនុស្សមួយក្រុមដែលប្រព្រឹត្តិខុស ឫអ្នកជ្រើសរើសប្រទេសមួយ គឺត្រូវតែឱ្យច្បាស់ជាមួយគ្នា៕
ដោយ: វណ្ណលុក