កូរ៉េខាងជើងអះអាងពីការធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹកសាជាថ្មី
សេអ៊ូល៖ កូរ៉េខាងជើង បានប្រកាសនៅថ្ងៃទី០៨ ខែមេសានេះថា ខ្លួនបានធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹកសាជាថ្មីទៀត ដើម្បីឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា វិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រមួយនៅក្នុងប្រទេសកូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដប្រព័ន្ធអាវុធយុទ្ធសាស្ត្រក្រោមទឹក កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៣។
ដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹកខាងលើមានឈ្មោះថា ហេ-២ (Haeil-2) បានធ្វើដំណើរបានចម្ងាយ ១,០០០គីឡូម៉ែត្រនៅក្រោមទឹក ក្នុងរយៈពេល៧១ម៉ោង និង៦នាទី។ កូរ៉េខាងជើងបានធ្វើតេស្ដម្ដងដែរកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ ដោយពួកគេបានអះអាងថា ដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹកនេះ មានសត្ថភាពអាចបង្កើតរលកយក្សស៊ូណាមិមានផ្ទុកសារធាតុវិទ្យុសកម្ម។
សូមរម្លឹកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក៏ធ្លាប់បានអះអាងផងដែរពីការធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក និងការបាញ់សាកល្បង មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា