ក្រសួងពាណិជ្ជកម្ម រៀបចំពិធីសូត្រមន្តលើករាសី ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម រៀបចំពិធីសូត្រមន្តលើករាសី ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់នាយកដ្ឋានទាំងអស់ ដោយបានចំពិធីសូត្រមន្តលើករាសី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចមន្រ្តីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ដែលបានមកចូលរួមក្នុងពិធីសូត្រមន្តនេះ និងដើម្បីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
បន្ទាប់ពីពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រួចហើយ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងពាណិជ្ជកម្ម បានទស្សនាការសម្តែងរបាំត្រុដិ ដើម្បីជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា