ពលរដ្ឋសម្រុកទៅលេង“អង្គរសង្ក្រាន្ត”ដោយបង្ហាញក្តីសប្បាយរីករាយនិងរំភើប ក្រោយវិបត្តិកូវីដ-១៩រួចមក
ខេត្តសៀមរាប៖ ព្រឹត្តិការណ៍“អង្គរសង្ក្រាន្ត”ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានការរៀបចំ៣ឆ្នាំជាប់ៗគ្នាដោយសារ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩រួចមក បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់ទិសទីសម្រុកចូលមកកម្សាន្តយ៉ាងច្រើនកុះករ និងប្រកបដោយក្តីសប្បាយរិករាយនាទឹកដី ខេត្ត សៀមរាប ។
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ នាឆ្នាំនេះបានប្រព្រឹត្តិទៅនាថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៣ វេលាម៉ោង១៦៖០០នាទី។ ពិធីបុណ្យដូនតារបស់ជាតិខ្មែរនាឆ្នាំនេះដែរត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ ២០២៣ នេះដែរបានរៀបចំកម្មវិធីកម្សាន្តព្រមទាំងបង្ហាញទស្សនីយភាពលើសឆ្នាំមុនៗ ក្នុងពេលវេលាខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អបអរឆ្នាំថ្មីនេះ។
ក្នុងរយៈពេល២ថ្ងៃនៃពិធីអង្គរសង្រ្កានដែលជាពិធីបុណ្យចូលឆ្នាំថ្មីគេសង្កេតឃើញពលរដ្ឋគ្រប់ទិសទីសម្រុកចូលកមកកម្សាន្តយ៉ាងអធិកអធមប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។គ្រប់ទីកម្សាន្ត ទីកន្លែងលេងល្បែងប្រជាប្រិយ កន្លែងប្រគុំតន្រ្តី កន្លែងពិព័រណ៍…ពោរពេញទៅដោយហ្វូងមនុស្សច្រើនកុះករ និង ប្រកបដោយទឹកមុខស្រស់ស្រាយរកអ្វីមកប្រៀបផ្ទឹមពុំបានសោះឡើយ ។
លោក ខឿន សុផាន់ ជាយុវជនរស់នៅ ខេត្តសៀមរាបខណៈពេលមកចូលរួមកម្សាន្តក្នុងពិធី អង្គរសង្រ្កានបានឆ្លៀតប្រាប់ឱ្យដឹងថា៖បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩រួចមកការរៀបចំព្រឹត្តិការណ៍នាឆ្នាំនេះឃើញថាធំ និងអស្ចារ្យធ្វើឱ្យរូបលោកដើរកម្សាន្តសប្បាយរីករាយ និងរំភើបជាងបណ្តាឆ្នាំកន្លងមក។បើតាមការសង្កេតលោកឃើញថាមានមនុស្សចូលមកកម្សាន្តច្រើន ដែលមើលទៅមានសភាពអធិកអធមខ្លាំងណាស់ ។
ដោយឡែក លោក ជា តូ និងលោកព្រហ្មម៉េងឈ័រ ជាមិត្តភក្តិនឹងគ្នាបានបង្ហាញអារម្មណ៍ពេលដែលបានចូលមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាននេះដែរថា វាជាព្រឹត្តិការណ៍ដែលពួកលោកនឹកស្មានមិនដល់ថាមានទីកម្សាន្តច្រើនកន្លែង និងពិសេសមានការសម្តែងសិល្បៈ វប្បធម៌អស្ចារ្យគួរស្ញប់ស្ងែងរបស់ខ្មែរយើង ។
កញ្ញា មួង ម៉ាលី ដែលកំពុងជក់អារម្មណ៍ជាមួយការថតផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍នេះបានឆ្លៀតប្រាប់ឱ្យដឹងថា នាឆ្នាំនេះអង្គរសង្រ្កានបានប្រព្រឹត្តិទៅគួរឱ្យរំភើបដោយក្នុងនេះរាជរដ្ឋាភិបាលក្រៅពីបង្កើតព្រឹត្តិការណ៍ថ្មីៗពិសេសខាងវប្បធម៌សិល្បៈហើយ នៅមានកន្លែងកម្សាន្តច្រើនកន្លែងដែលពេលដើរកម្សាន្តមិនចេះនឿយហត់សោះឡើយ។ឆ្នាំនេះពិតជាធ្វើឱ្យកញ្ញារំភើបនឹងទទួលបានអារម្មណ៍ស្រស់ស្រាយពេលឃើញមនុស្សម្នាច្រើនសម្រុកចូលមកម្សាន្ត។
កញ្ញា ភក្តិ ស្រីភា ដែលមកកម្សាន្តអង្គរសង្រ្កាននេះដូចគ្នាបានបញ្ជាក់ប្រាប់ថារូបកញ្ញាមានអារម្មណ៍រំភើបពីព្រោះថាមិនបានកម្សាន្តក្នុងព្រឹត្តិការណ៍នេះចំនួន៣ឆ្នាំមកហើយ។នាឆ្នាំនេះមិនថាកញ្ញាទេសូម្បីតែពលរដ្ឋដទៃទៀតក៏កញ្ញាគិតថាមានការរំភើបសប្បាយរីករាយជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដូចគ្នា ។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពេលមានភាពធូរស្រាលនៃជំងឺកូវីដ-១៩ នេះ ក្នុងគោលបំណងជួបជុំពលរដ្ឋ និង មហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានគេចាត់ទុកជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឲ្យមានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ។
អង្គរសង្ក្រាន្តបានក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក។ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សា កេរ្តិ៍មរតកឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ៕ អត្ថបទ:លោក ជិន ម៉ាដេប៉ូ រូបភាព:លោក ងីម ឆៃ ហួត






