ក្រុមហ៊ុន Apple បើកដំណើរការហាងលក់រាយដំបូងនៅប្រទេសឥណ្ឌា
ញូវដែលី៖ ក្រុមហ៊ុន Apple បានបើកដំណើរការហាងលក់រាយដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ទៅលើប្រទេសអាស៊ីខាងត្បូង ដែលជាទីផ្សារលក់ដ៏សំខាន់ និងជាមជ្ឈមណ្ឌលផលិតកម្មជំនួសប្រទេសចិន។
ការបើកដំណើរការហាងលក់រាយដំបូងនៅប្រទេសឥណ្ឌានេះ មានការចូលរួមដោយផ្ទាល់ពីនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងបុគ្គលិក ដែលឈរស្វាគមន៍អតិថិជននៅមុខច្រកចូលទ្វារហាង។ អតិថិជននិយមចូលចិត្តទូរស័ព្ទ iPhone បានឈរតម្រង់ជួរជុំវិញហាងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងរដ្ឋធានីម៉ុមបៃ ដោយអតិថិជនខ្លះរង់ចាំពេញមួយយប់។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បាននិងកំពុងបោះទុនវិនិយោគដ៏ធំសម្បើមនៅក្នុងប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជនប្រមាណ ១.៤ពាន់លាននាក់ ជាទីតាំងមានចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនខ្ពស់ជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន ខណៈដែលហាងលក់រាយទីពីររបស់ខ្លួនមួយផ្សេងទៀត ក៏គ្រោងនឹងបើកដំណើរការនៅក្នុងរដ្ឋធានីញូវដែលី នៅថ្ងៃទីព្រហស្បតិ៍ទី២០ ខែមេសានេះផងដែរ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានអ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាង ៦០០លាននាក់ ភាគច្រើនជាឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys បានឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi, Vivo, OPPO និង realme មានចំណែកទីផ្សាររួមបញ្ចូលគ្នាចំនួន ៦៦ភាគរយក្នុងឆ្នាំ ២០២២ និង Samsung កាន់កាប់ចំណែក ១៩ភាគរយ ខណៈដែលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple មានចំណែកត្រឹមតែ ៤ភាគរយកាលពីឆ្នាំមុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា