ប្រធានធនាគារកណ្តាលថៃមើលឃើញសេដ្ឋកិច្ចប្រទេសថៃ នឹងហក់ដល់៣.៦ភាគរយក្នុងឆ្នាំ២០២៣នេះ

បាងកក៖ ប្រធានធនាគារកណ្តាល នៅថ្ងៃទី២៤ ខែមេសា បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែត្រូវបានមើលឃើញថា មានកំណើនក្នុងអត្រា ៣.៦ភាគរយនៅឆ្នាំ២០២៣នេះ បើទោះបីជាជួបបញ្ហាមួយចំនួននៅក្នុងឆមាសទីមួយក៏ដោយ។

ទេសាភិបាលធនាគារកណ្តាលថៃ (BOT) លោក Sethaput Suthiwartnaruput បានប្រាប់អ្នកយកព័ត៌មានថា ការនាំចេញត្រូវបានគេមើលឃើញថា បានធ្លាក់ចុះ ៧.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងឆមាសទីមួយ មុនពេលកើនឡើង ៤.២ភាគរយនៅក្នុងឆមាសទីពីរឆ្នាំ២០២៣នេះ។

លោក Sethaput បន្ថែមថា ប្រទេសថៃរំពឹងថា នឹងមើលឃើញការមកដល់របស់ភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់២៨លាននាក់នៅឆ្នាំ២០២៣នេះ។ អតិផរណាដែលស្ថិតនៅតួលេខ ២.៨៣ភាគរយក្នុងខែមីនា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣.៣ភាគរយនៅក្នុងឆមាសទីមួយ ហើយធ្លាក់មកនៅត្រឹម ២.៥ភាគរយនៅក្នុងពាក់កណ្តាលឆមាសទីពីរ។

សូមរម្លឹកថា កាលពីខែមុន ធនាគារកណ្តាលថៃ (BOT) បានដំឡើងអត្រាគោលរបស់ខ្លួនមួយភាគបួនដល់ ១.៧៥ភាគរយ ដើម្បីទប់ស្កាត់សម្ពាធអតិផរណា។ បន្ថែមលើនេះ ធនាគារកណ្តាលថៃ (BOT) នឹងពិនិត្យឡើងវិញនូវគោលនយោបាយរូបិយវត្ថុនៅថ្ងៃទី៣១ ខែឧសភាខាងមុខនេះ នៅពេលដែលអ្នកសេដ្ឋកិច្ចរំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត។ កន្លងមក ធនាគារកណ្តាលថៃ (BOT) បានដំឡើងអត្រាគន្លឹះរបស់ខ្លួន ដោយពិន្ទុមូលដ្ឋានសរុបចំនួន ១២៥ ចាប់តាំងពីខែសីហាឆ្នាំមុន៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner