ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ បន្តសហការគ្នា ដើម្បីទទួលបានគ្រុនចាញ់សូន្យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជាបាន​អំពាវនាវទៅដល់​​ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវ​រួម​សហការគ្នា ដើម្បី​លុបបំបាត់​​​ជំងឺគ្រុនចាញ់​បានទាំងស្រុង​នៅ​ឆ្នាំ​២០២៥ ក្នុង​ប្រទេសកម្ពុជា និង​ឆ្នាំ​២​០​៣០​ ក្នុង​ពិភពលោក។

​សម្ដេចតេជោ ហ៊ុន សែន បានធ្វើការ​អំពាវនាវបែបនេះតាមរយៈ​សារលិខិត​ នា​ឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំ​ងឺ​គ្រុនចាញ់ ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈ​ការវិនិយោគ កែច្នៃ និងអនុវត្ត»។

ទិវានេះប្រារព្វឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញ​ពីពេលវេលា ដែលត្រូវធ្វើឱ្យគ្រុនចាញ់សូន្យពីពេលនេះ​ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះ​ទៅលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងក្នុងប្រទេសកម្ពុជា​ និងលើពិភពលោក។

ក្នុងសារលិខិតដដែល​ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បានឱ្យដឹងទៀតថា ទោះបីការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កំ​ពុ​ងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធភាពខ្ពស់ទៅតាមគន្លងនៃផែនការយុទ្ធសាស្ដ្រជាតិយ៉ាងណាក៏ដោយ ក៏ត្រូវតែបង្កើនប្រសិទ្ធភាពការងារចូលរួមប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះបន្ថែមទៀត។

សម្ដេចតេជោមានប្រសាសន៍ថា៖ «ព្រោះថាកម្ពុជានៅមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់បានទាំងស្រុងនូវឡើយនោះទេ រីឯជំងឺគ្រុនចាញ់ប្រភេទសន្ធំ នៅមានវត្តមាននូវឡើយក្នុងការគំរាមគំហែងដល់អាយុជីវិតសាធារណៈជន ជាពិសេ​សប្រជាជនដែលចូលទៅក្នុងតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រដែលប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ថា ៖ «ខ្ញុំសូមអំពាវនាវឲ្យស្មាតីបំពេញកាតព្វកិច្ចដ៏អង់អាចក្លាហាននេះស្ថិតនៅជា​រៀងរាល់រហូតជាមួយថ្នាក់ដឹកនាំ ពលរដ្ឋ​ ព្រមទាំងសូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរ​មូ​លដ្ឋានគ្រប់លំដាប់ថ្នា​ក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ និងអន្តរជាតិ ដៃគូអភិ​វឌ្ឍ ដៃគូអនុវត្ត ​សូមបន្តចូលរួមអនុវត្ត និងគាំទ្រដល់បេសកកម្មផែនការលុបបំបាត់ជំងឺ​គ្រុនចាញ់រហូតទ​ទួ​លបានជោគជ័យទាំងស្រុង»។

សម្ដេចតេជោបានបន្ថែមដោយ​បាន​ណែនាំ​ឲ្យក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ត្រូវតែផ្ដល់ជូនដល់សាធារណៈជននូវគ្រុនចាញ់សូន្យតាមភូមិសាស្ត្រ​នីមួយៗចាប់ពេលនេះតទៅ តាមរយៈយន្តការបន្តការវិនិយោគ និងបន្តកែច្នៃស្វែងរកប្រសិទ្ធភាពផងដែរ។

ទាក់ទិនរឿងនេះ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី​២៣ ខែមេសាថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តនេះ​​​​មាន​ភាពប្រសើរឡើងច្រើន​ ដោយសារតែរយៈពេល៥ឆ្នាំក​ន្ល​ង​មក​​មិនមានប្រជាពលរដ្ឋណា​បានស្លាប់ដោយសារតែជំងឺគ្រុនចាញ់​នោះឡើយ​ ហើយ​ករណីជំងឺគ្រុនចាញ់ក៏​មា​ន​ការធ្លាក់ចុះ​ ​ក្នុងនោះ​ក៏មាន​ប្រភេទជំងឺគ្រុនចាញ់សន្ធំ​ផងដែរ។

លោក គួង ឡូ បានប្រាប់​ថា ៖ «អ្វីដែលយើងកត់សម្គាល់សំខាន់នោះគឺ ក្នុងឆ្នាំ២០២៣នេះ រយៈពេល៣- ៤ខែនេះ​​​ មិនទាន់រកឃើញមាន​ករណីប្រភេទជំងឺគ្រុនចាញ់សន្ធំនេះនូវឡើយទេ បើធៀបទៅនឹងឆ្នាំ២០​២​២ ក្នុងឆមាសទី១​ រកឃើញមួយ ឬពីរករណី​ ប៉ុន្តែសម្រាប់​ឆ្នាំ២០២៣នេះ ​យើងមិនទាន់រកឃើញទេ ករណីប្រ​ភេទគ្រុនចាញ់សន្ធំទេ​»។​

​ទោះបីជាខេត្តព្រះវិហារមិនទាន់រកឃើញករណីប្រភេទនេះក៏ដោយ ប៉ុន្តែមន្ទីរសុខាភិបាលនៅតែពិនិត្យមើ​លជាបន្តទៅទៀត ​ហើយក៏នៅតែបន្តអន្តរាគមន៍ទៅតាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិរបស់ក្រសួងសុខាភិបាល។ លោក គួង ឡូ បន្ថែម​។

​សូមបញ្ជាក់ផងដែរថា ជំងឺគ្រុនចាញ់​កើតឡើងដោយសារ​សត្វមូសដែកគោលជាភ្នាក់ងារខាំបឺតឈាមចម្លង​មេរោគទៅមនុស្សបង្កជាបញ្ហាព្រួយបារម្ភចម្បងសម្រាប់សុខភាពសាធារណៈ និងសង្គម តាមរយៈកត្តាប៉ះពា​ល់ យ៉ាងខ្លាំងលើសុខភាព ខាតបង់ការងារ ខាតបង់ផលិតភាព ខាតបង់ថវិកា សេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ និងយាយីដល់ អាយុជីវិតគ្រប់ពេល។

បើយោងតាមសារលិខិត​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល​អនុម័ត ដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល​ ក្នុងការស្តារ និងអភិវឌ្ឍប្រទេស។

ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងសម្រេចបានជោគជ័យនូវ​វឌ្ឍនភាពសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ក្នុងនោះ​​នៅ​ឆ្នាំ២០១៦ ត្រូវបានបញ្ឈប់លែ​ងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគ គ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានម​នុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ ឯករណីឈឺដោយជំងឺ​គ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ម៉ឺ​នករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤ ០៤១ករណីឈឺ នៅឆ្នាំ២០២២កន្លងមក៕

ដោយ៖ជា សុខនី

ads banner