ផលិតផលកសិកម្ម និងឧស្សាហកម្ម ២៥មុខរបស់ខេត្តកំពង់ចាម ត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីភូមិមួយផលិតផលមួយរបស់ខេត្ត
ភ្នំពេញ៖ ខេត្តកំពង់ចាម មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន ២៥ មុខ ដែលត្រូវបានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីឆ្នាំ២០២២ កន្លងទៅ ព្រមទាំងផលិតផលមួយចំនួនទៀតត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្ត ដែលកំពុងតែខិតខំគាំទ្រផលិតផលទាំងនោះដើម្បីដាក់ជាផលិតផលភូមិមួយផលិតផលមួយខេត្តកំពង់ចាម។

យោងតាមអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបង្ហាញថា ផលិតផលកសិកម្ម និងឧស្សាហកម្ម ដែលមានសក្តានុពលទាំងនោះរួមមាន ស្រូវ អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេកអំបូងលឿង ក្រមា ហូល-ផាមួង។
ផលិតផលអំពីចេក, ស្រាចេក គ្រាប់ស្វាយចន្ទីលីង ត្បាល់បុក ធូប ទៀន (ហែលវុទ្ធី), ឆ្នាំងអាលុយមីញ៉ូមម៉ាកពាម ប្រេងស្លឹកគ្រៃ កន្ទេលក្រហម (កងមាស) នំខ្លូត ចេកឆាប ឆៃប៉ូវប្រៃ ស្ករត្នោត កាបូបកំផ្លោក សិប្បកម្មកែច្នៃឫស្សីខ្មែរ វត្ថុអនុស្សាវរីយ (ឬស្សី និងត្រឡោក) ទឹកឃ្មុំរាជនី ជីសរីរាង្គ ប្រហិតសាច់គោ និងប៉ាតេ «សារ៉ាវុទ្ធ ៦៩» កាបិត ពូថៅ (សាន់ សាយ)….។

លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី ការកំណត់អត្តសញ្ញាណនិងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលបានធ្វើឡើងនៅខេត្ដកំពង់ចាម កាលពីចុងសប្តាហ៍មុននេះថា ក្រសួងពាណិជ្ជកម្មបានអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ពិសេសការពង្រឹងលើកស្ទួយផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារសំដៅជំរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មតំបន់ និងពិភពលោក។
«ការអភិវឌ្ឍខេត្តកំពង់ចាមទាំងមូលក្នុងរយៈពេលកន្លងមកនេះ បានជំរុញវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញវត្ថុ ធនាគារ សេវាដឹកជញ្ជូន សុខាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផ្សេងៗទៀត ដោយមានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់»។ នេះជាការអះអាងបន្ថែមពីលោក តាន់ យុវរដ្ឋ។
លោក តុប វ៉ាន់ឌី ប្រធានសមាគមស្វាយចន្ទីប្រចាំខេត្តកំពង់ចាម បាននិយាយនៅថ្ងៃទី២៤ ខែមេសាថា ភាពអំណោយផលនៃសណ្ឋានដីក្នុងខេត្តកំពង់ចាម បានជំរុញឱ្យខេត្តនេះមានការដាំដុះដំណាំចម្រុះច្រើនមុខ ពិសេសដំណាំស្វាយចន្ទី ដែលជាដំណាំសក្តានុពលមួយ ដែលកំពុងត្រូវបានទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោកបានប្រាប់ថា ៖ «ខេត្តកំពង់ចាម មានទីតាំង និងភូមិសាស្រ្តល្អ អំណោយផលសម្រាប់ការដាំដុះ ការនាំចេញ និងមានរបាយប្រជាជនច្រើន។ ផលិតផលកសិកម្មជាច្រើនមុខបានដាំដុះ និងនាំចេញពីខេត្តរបស់យើងទៅ។ យើងនឹងបន្តជំរុញចលនាភូមិមួយផលិតផលមួយនេះ ឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយពីដំណាំកសិកម្ម និងកសិកម្មឧស្សាហកម្មជាច្រើនមុខផ្សេងទៀតដែលយើងផលិតបាន»។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម គិតត្រឹមឆ្នាំ២០២២ ខេត្តកំពង់ចាម មានរោងចក្រសហគ្រាសខ្នាតធំចំនួន ២៤ទីតាំង ខ្នាតមធ្យមចំនួន ២៣ទីតាំង និងខ្នាតតូច ១៥២ទីតាំង ដែលបានផ្តល់ការងារឱ្យកម្មករនិយោជិត សរុបចំនួន ៣៨,១៨២នាក់។ ដោយឡែក សម្រាប់ឆ្នាំ២០២២ ខេត្តនេះផលិតបានស្បៀងប្រមាណ ៣០៣,៧៤៦តោន ដែលតម្រូវការហូបចុកមានចំនួន ១៣២,៦៨២តោន ស្បៀងសល់ ជាអង្ករចំនួន ១៧១,០៥៩តោន ហើយចំនួន ស្រូវសល់សម្រាប់នាំចេញ និងប្រើប្រាស់ផ្សេងៗចំនួន ២៦៧,២៧៩តោន៕

ដោយ៖វណ្ណ សុជាតា