ការផ្ទុះនៅឃ្លាំងអាវុធប្រឆាំងភេរវកម្មប៉ាគីស្ថាន សម្លាប់មនុស្សជាង១០នាក់

អ៊ីស្លាម៉ាបាដ៖ ប៉ូលិសប៉ាគីស្ថានបាននិយាយថា ការផ្ទុះចំនួនពីរនៅក្នុងឃ្លាំងដាក់អាវុធសម្រាប់ការប្រឆាំងភេរវកម្មនៅជ្រលងភ្នំ Swat បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់និងធ្វើឱ្យរបួស ៥០ នាក់ផ្សេងទៀតកាលពីថ្ងៃចន្ទ។

មេបញ្ជាប៉ូលិសតំបន់ លោក Akhtar Hayat បាននិយាយថា ការផ្ទុះបានធ្វើឱ្យកក្រើកដល់ការិយាល័យប្រឆាំងភេរវកម្មនៅជ្រលងភ្នំភាគពាយ័ព្យមួយនេះ ដែលធ្លាប់ជាតំបន់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធអ៊ិស្លាមជ្រុលនិយម មុនពេលក្រុមនេះត្រូវបានបោសសំអាតដោយប្រតិបត្តិការយោធាក្នុងឆ្នាំ ២០០៩។

អ្នកនាំពាក្យរបស់លោកHayat និយាយក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នាក្រោយមកទៀតថា ការផ្ទុះប្រហែលជាបណ្ដាលមកពីការឆេះគ្រាប់រំសេវក្នុងឃ្លាំង ខណៈប៉ូលិសមិនទាន់រកឃើញថាមានភស្តុតាងនៃការវាយប្រហារពីភាគីខាងក្រៅនោះទេ។ ទោះយ៉ាងណាក៏ដោយ ប៉ូលិសក៏ស៊ើបអង្កេតលើទម្រង់ផ្សេងៗដែលបណ្ដាលឱ្យការផ្ទុះផងដែរ។

បើតាមលោក Hayat ភាគច្រើននៃអ្នកស្លាប់នៅក្នុងការផ្ទុះ គឺជាមន្ត្រីប៉ូលិសប្រឆាំងភេរវកម្ម ដោយបន្ថែមថា ស្ត្រីម្នាក់ និងកូន ដែលដើរកាត់អគារនោះ ក៏ត្រូវបានសម្លាប់ផងដែរ។

ចំណែកឯប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មប្រចាំតំបន់លោក Sohail Khalid បានប្រាប់អ្នកយកព័ត៌មានថា ការផ្ទុះហាក់ដូចជាមិនបណ្ដាលមកពីការវាយប្រហារធ្វើអត្តឃាត ឬដោយសារអំពើភេរវកម្មផ្សេងទៀតនោះទេ។

លោកនិយាយថា៖ «មានកន្លែងមួយ ដែលយើងដាក់អាវុធក្នុងបរិមាណដ៏ច្រើន ហើយរហូតមកដល់ពេលនេះ យើងជឿថា ការផ្ទុះអាចកើតចេញពីកន្លែងនោះ ដោយសារតែការធ្វេសប្រហែស»។

គួររំឭកថា វត្តមានប៉ូលិស និងយោធាប៉ាគីស្ថានគឺជាចំណែកដ៏សំខាន់ក្នុងកងកម្លាំងប្រឆាំងភេរវកម្មប៉ាគីស្ថាននៅជ្រលង Swat ដែលងាយនឹងកើតមានការបះបោរពីពួកជ្រុលនិយម។ ក្នុងឆ្នាំ ២០១២ ពួកសកម្មប្រយុទ្ធ ក៏បានបាញ់ប្រហារ និងធ្វើឱ្យរបួសម្ចាស់ពានរង្វាន់ណូបែលល្បីឈ្មោះ លោកស្រី Malala Yousafzai នៅជ្រលងភ្នំនេះ។ ជ្រលង Swat គឺជាស្រុកកំណើតរបស់ លោក Mullah Fazlullah ដែលជាអតីតមេដឹកនាំក្រុមតាលីបង់-ប៉ាគីស្ថាន ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០១៨៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner