នាយឧត្តមសេនីយ៍ នេត សាវឿន៖ កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំជាមួយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាតនេះ គឺដើម្បីលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិកម្ពុជាទាំងមូល។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនៅនាយកដ្ឋានអង្គរក្សនេះ គឺដើម្បីផ្សព្វផ្សាយ និងត្រួតពិនិត្យកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games – ASEAN Para Games 2023 ព្រមទាំងស្វែងយល់បញ្ហាប្រឈមដើម្បីដាក់ចេញវិធានការរួមផងដែរ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ សៅ សុខា បានឯកភាពទាំងស្រុងចំពោះផែនការដែលបានគូសបញ្ជាក់ដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ហើយក៏បានលើកឡើងនូវយោបល់មួយចំនួនបន្ថែមទៀតផងដែរ ដែលនាយឧត្តមសេនីយ៍ទាំងពីរ ចាត់ទុកថា ជាចំណុចសំខាន់ដើម្បីចូលរួមចំណែករក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ដ្រមួយនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៩ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ។ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ៕



ដោយ-រ៉ាវុធ