ប្រជាសហគមន៍ក្នុង ស្រុក វាលវែង បង្ហាញពីការដាំដំណាំកសិកម្មទទួលបានទិន្នផលខ្ពស់ និងមានជីវភាពកាន់តែល្អប្រសើរ

ខេត្តពោធិ៍សាត់ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការដាំដំណាំកសិកម្មបានធ្វើឱ្យប្រជាសហគមន៍ដែលធ្លាប់តែមានជីវភាពលំបាក ពេលនេះបានផ្លាស់ប្តូរមកល្អប្រសើរបន្តបន្ទាប់ ។ ពួកគាត់បានបញ្ចប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វដែលជារបរមួយខុសច្បាប់ដូចកាលពីមុនទៀតឡើយ ។

លោក ពួច រ៉ា ជាកសិករមួយរូបនៅភូមិផ្ជឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ធ្លាប់តែអតីតជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមពីឈើធម្មជាតិបានបញ្ជាក់ប្រាប់ថាតាមរយៈការដំាដំណាំកសិកម្មពិសេសការអនុវត្តនូវគម្រោងដំណាំការពារដំរីអាស៊ីធ្វើឱ្យលោកអាចផ្លាស់ប្តូរជីវភាពល្អប្រសើរជាងមុន។ក្នុងទំហំដីមួយហិកតាដែលលោកដាំដំណាំគ្រប់មុខបានធ្វើឱ្យអាចរកប្រាក់កម្រៃល្អប្រសើរសម្រាប់គ្រួសារ ។

ទាក់ទិនក្នុងរឿងនេះលោក ពួច រ៉ា បានបញ្ជាក់ប្រាប់ដែរថាចំពោះដំណាំដែលលោកបានដាំមានដូចជាម្ទេស ត្រសក់ សណ្តែកកួរនិងដំណាំផ្គួបផ្សំផ្សេងៗទៀត។ ដំណាំទាំងនេះនៅពេលហុចផលមិនពិបាករកទីផ្សារទេគឺមានប៉ុន្មានគេមកយកអស់ៗដោយមិនជួបការលំបាកឡើយ ។

បុរសជាកសិករតាមតំបន់ព្រៃភ្នំរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា”ចាប់ តាំងពីផ្លាស់ប្តុរមកដាំដំណាំមក ខ្ញុំសប្បាយចិត្តច្រើន ដោយសារមានចំណូលប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ អាចរកចំណូលបានចាប់ពី ១២ម៉ឺនរៀល ទៅ ១៣ម៉ឺនរៀល ឃើញថាធូរជាងមុន»។

លោក ធួន សុធី ប្រធានសហគមន៍នៅតំបន់ការពារធម្មជាតិភូមិជ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ថាប្រជាសហគមន៍នាពេលបច្ចុប្បន្នមានជីវភាពល្អប្រសើរជាងមុនបន្ទាប់ពីពួកគាត់បានដាំដំណាំកសិកម្ម។ប្រជាសហគមន៍មួយចំនួនដែលធ្លាប់តែចំណាកស្រុកពេលនេះបានងាកមកដំាដំណាំកសិកម្មដែលក្រៅពីទទួលបានទិន្នផលខ្ពស់ ហើយនៅបានចំណូលច្រើនគួរសម ។

លោកបានបញ្ជាក់ថា”ការធ្វើកសិកម្មទទួលបានផលខ្ពស់។យើងនៅជិតផ្ទះសម្បែងផង។យើងធ្វើកសិកម្មទទួលបានផលថេរគឺបានចំណូលរៀងរាល់ថ្ងៃ។បើចូលព្រៃកាប់ឈើ និងបរបាញ់សត្វត្រូវប្រឈមនឹងផ្លូវច្បាប់ ហើយពិសេសមិនបានរៀងរាល់ថ្ងៃទេ។ការចូលព្រៃខ្វះមុខខ្ចះក្រោយ គ្រប់គ្នាគឺអញ្ចឹង”។

ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ការដាំបន្លែដូចជា ផ្លែត្រសក់របស់បងប្អូនសហគមន៍ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្នុងគម្រោងដំណាំការពារដំរីអាស៊ី បន្ថូរបន្ថយជម្លោះរវាងមនុស្សនិងដំរី សហការរវាងក្រសួងបរិស្ថាន និងអង្គការសម្ពន្ធសត្វព្រៃនិងធម្មជាតិ។ ដំណាំមួយចំនួនជាប្រភេទដំណាំទាក់ទាញដំរូដូចជាអំពៅ ពោត សណ្តែកជាដើម ហើយដើម្បីបញ្ជៀសការបំផ្លាញដំរីដោយសត្វដំរី ការដាំដំណាំដែលមិនមានជាអាហារទាក់ទងរបស់ដំរី គឺជាយុទ្ធសាស្ត្រមួយក្នុងនោះមានម្ទេស តហរសក់ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានសរសេរក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ថា ក្រៅពីដំណាំត្រសក់ ប្រជាកសិករបានដាំដំណាំ និងបន្លែបង្ការផ្សេងទៀតដើម្បី (១) បង្កើតសន្តិសុខស្បៀងសម្រាប់មូលដ្ឋាន (២) ផ្គត់ផ្គង់នៅនឹងកន្លែង (៣)បង្កើតជម្រើសមុខរបរថ្មីដល់សហគមន៍ កាត់បន្ថយនិងលុបបំបាត់ការចូលព្រៃកប់ឈើ ចូលព្រៃដាក់អន្ទាក់និងបរបាញ់សត្វ (៤) ផ្តល់ប្រភពចំណូលជាប្រចាំដល់សហគមន៍។ ចម្ការត្រសក់នេះ សមាជិកសហគមន៍ចំណាយដើមទុន ៤លានរៀល ហើយអំឡុងពឹលខ្ញុំចុះទៅជួបគាត់ គាត់ប្រាប់ថាបានផលនិងបានដើមរួចហើយ។ គាត់នឹងបន្តប្រមូលផលរយៈពេល ១ ខែទៀត ដែលមួយថ្ងៃយ៉ាងហោចបេះបាន ៥០គីឡូក្រាម, លក់លើទីផ្សារតម្លៃ ២ពាន់រៀលក្នុងមួយគីឡូ។ នេះជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការកត់បន្ថយតសម្ពាធលើធនធានធម្មជាតិ និងបង្កើតរបងបៃតងការពារតំបន់អភិរក្ស ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner