កម្ពុជារៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានពាក់ព័ន្ធសក្តានុពលទន្លេមេគង្គ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជាសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានលើកទី២ស្តីពី «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីតំបន់ទន្លេមេគង្គ សន្តិភាព ស្ថិរភាពនិងវិបុលភាព» ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកសារព័ត៌មាន សំដៅធ្វើសេចក្តីរាយការណ៍ពីសក្តានុពល ដែលធានានិរន្តភាពដល់ទន្លេមេគង្គ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមេសា នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន ៦៩ នាក់ក្នុងនោះមកពីអង្គភាពសារព័ត៌មានកម្ពុជា១២ អង្គភាព ដែលមានអ្នកសារព័ត៌មានចំនួន ២៨នាក់ អ្នកសារព័ត៌មាន និងភ្ញៀវមកពីប្រទេសជាប់ទន្លេមេគង្គ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សរុបចំនួន ១៣នាក់ និងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ។

ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត គិន ភា មានប្រសាសន៍ថា កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាបាឋកថា របស់អ្នកជំនាញ កិច្ចសន្ទនា ការពិភាក្សាជាក្រុមបើកចំហរ ករណីសិក្សា ការចែករំលែកព័ត៌មាន និងការធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងសោតទស្សន៍អំពីបញ្ហាពាក់ព័ន្ធនឹងតំបន់មេគង្គ ។

លោកគូសបញ្ជាក់ថា៖«ក្នុងន័យនេះ អ្នកសារព័ត៌មានពិតជាមានតួនាទីសំខាន់ណាស់ក្នុងនាំមកនូវព័ត៌មានពិតអំពីតំបន់មេគង្គ និងរួមចំណែកមិនអាចខ្វះបានក្នុងការធ្វើឱ្យតំបន់មេគង្គមានសន្តិភាព ស្ថិរភាព និងវិបុលភាព»។

លោកឱ្យដឹងថា ប្រទេសទាំងប្រាំមួយនៅក្នុងអាងទន្លេមេគង្គត្រូវបានញាំញីជាយូរមកហើយដោយការគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនិងការការពារបរិស្ថាន និងអេកូឡូស៊ីនៅតាមច្រាំងទន្លេរបស់ខ្លួន។ លោកថា៖«ដូច្នេះ ប្រទេសទាំង៦ នៃតំបន់ មេគង្គ-ឡានឆាង តែងតែបន្តការពិគ្រោះយោបល់ កិច្ចសន្ទនា ការផ្លាស់ប្ដូរបទពិសោធន៍ និងគម្រោងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ផលប្រយោជន៍និងភាពជឿជាក់គា្នទៅវិញទៅមក និងការពង្រឹងកម្រិតនៃកិច្ចសហប្រតិបត្តិការគ្នា»។

លោក គី សុខលីម ទីប្រឹក្សាក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា តាមរយៈសិក្ខាសាលារយៈពេលបីថ្ងៃនេះ សង្ឃឹមថាសិក្ខាមានទាំងអស់ ក្នុងនោះអ្នកសារព័ត៌មានខ្មែរនិងបរទេស អាចមានគំនិតធ្វើសេចក្តីរាយការណ៍ពីប្រធានបទអ្វីមួយពាក់ព័ន្ធតំបន់មេគង្គ។ លោកថា៖«នៅពេលយើងនិយាយពីសន្តិភាព យើងចង់លើកជាគំនិតមួយ គឺទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងតំបន់ទន្លេមេគង្គ ពេលខ្លះយើងអត់សូវឱ្យពលរដ្ឋនិងពលរដ្ឋយល់គ្នាប៉ុន្មានទេ។ ចឹងសម្រាប់ខ្ញុំអ្នកសារព័ត៌មានក្នុងប្រទេសនីមួយៗ ក្នុងតំបន់ទន្លេមេគង្គគួរតែធ្វើសេចក្តីរាយការណ៍ឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុងតំបន់អាចយល់គ្នាបាន អាចស្រឡាញ់គ្នា ហើយអាចអភិវឌ្ឍន៍តំបន់ទន្លេមេគង្គរួមគ្នា»។

លោកបន្ថែមថា ក្នុងសេចក្តីរាយការណ៍នោះ អាចនិយាយពីសក្តានុពលរបស់តំបន់ទន្លេមេគង្គ និយាយ ពីស្ថានភាពពលរដ្ឋនៅតំបន់ទន្លេមេគង្គប្រសើរហើយឬនៅ មានបញ្ហាប្រឈមអ្វីខ្លះ កម្រិតជីវភាព និងរបៀបរស់នៅរបស់គាត់។ លោកថា៖« ខ្ញុំគិតថាសេចក្តីរាយការណ៍ទាំងអស់នេះសុទ្ធមានសារៈសំខាន់ទាំងអស់ សម្រាប់អ្នកអាននៅក្នុងប្រទេសនិមួយៗ»។

អ្នកសារព័ត៌មាន Freelancer មួយរូបដែលបានចូលរួមសិក្ខាសាលានេះ អ្នកនាង សែម ពិសី បានថ្លែងថា នេះគឺជាលើកទីមួយដែលបានចូលរួមសិក្ខាលើប្រធានបទនេះ ដោយចាត់ទុកថាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន។ អ្នកនាងថា៖«ដោយសារតែទន្លេមេគង្គ គឺជាប្រភពធនធានទឹកសំខាន់សម្រាប់ប្រជាជនរស់នៅជាប់តំបន់ទន្លេ ដូច្នេះទាមទារឱ្យយើងដឹងពីសក្តានុពលទន្លេ ហើយក្នុងនាមយើងជាអ្នកសារព័ត៌មាន តើយើងគួរតែរាយការណ៍ក៏ដូចជាចូលរួមបែបណាក្នុងការលើកកម្ពស់ទន្លេមេគង្គដើម្បីថែរក្សាប្រភពធនធាន»។

សិក្ខាសាលាបណ្តុះបណ្ដាលសារព័ត៌មានលើកទី២នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងនិងស្វែងយល់អំពីប្រព័ន្ធនយោបាយនិងប្រព័ន្ធបោះឆ្នោត ដំណើរការប្រជាធិបតេយ្យ និងការរៀបចំការបោះឆ្នោតនៅប្រទេសក្នុងតំបន់មេគង្គ។ ពិនិត្យមើលទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៃប្រទេសមេគង្គ និងពិនិត្យមើលក្របខណ្ឌកិច្ចសហប្រតិបត្តិការនានានៅតំបន់មេគង្គ រួមទាំងរបៀប វារៈនយោបាយ និងប្រតិបត្តិការសំខាន់ៗ។ គោលបំណងបន្ថែមទៀតនោះ គឺលើកកម្ពស់ការទំនាក់ទំនងនិងការអនុវត្តប្រព័ន្ធផ្សព្វផ្សាយកាន់តែប្រសើរឡើង អំពីប្រព័ន្ធនយោបាយនិងការបោះឆ្នោតនៅក្នុងតំបន់មេគង្គ៕ ដោយ៖សុខ រក្សា

ads banner