នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាទស្សនៈផ្ទាល់ខ្លួន កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរភារកិច្ចចាំបាច់ជាក់ស្តែងចំពោះមុខ និងសម្រាប់ពេលអនាគត ហើយការធ្វើទំនើបកម្មនោះទៀតសោត ត្រូវផ្តោតលើកត្តាចម្បងចំនួន៣ គឺ៖ ទី១.ទំនើបកម្មរចនាសម្ព័ន្ធ សំដៅលើការរៀបរយក្របខ័ណ្ឌចាត់តាំងកម្លាំងដើម្បីត្រៀមឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ មានជាអាទិ៍៖ អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ ជាដើម ទី២.ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាពម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ និងទី៣ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន៖ សាលាហ្វឹកហ្វឺន យោធាចារ្យ កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យកាន់តែមានប្រសិទ្ធភាព។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហាន នាយទាហានរង ជាសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ។ ជាមួយគ្នា ក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២៣ ចំនួន ២០វគ្គ ដែលត្រូវបើកដំណើរការជាបន្តទៀត ស្របតាមផែនការស្តីពីការហ្វឹកហ្វឺនបណ្តុះបណ្តាលរបស់ក្រសួងការពារជាតិ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានសូមឲ្យនិស្សិត-សិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព។ ចំពោះនិស្សិត-សិក្ខាកាមវគ្គថ្មី និងវគ្គបន្ត សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់និស្សិត-សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗ ពីសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនជាលំដាប់របស់សាកលវិទ្យាល័យការពារជាតិ ដែលជាគ្រឹះស្ថានអប់រំផ្នែកយោធាកម្រិតឧត្តមសិក្សាឈានមុខមួយ ដោយតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម រហូតមកដល់ពេលនេះ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០១៨-២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០វគ្គ និងមានសិក្ខាកាមប្រមាណជាង ៤,០០០នាក់ ហើយដែលចំនួនសិក្ខាកាមនេះ បានកើនឡើងលើសសន្ទស្សន៍ផែនការពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការចង់ចេះចង់ដឹងរបស់យោធិនយើងក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាសនៃសន្តិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត





