២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មានការឆ្លងថ្មី ១ករណីផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៧០៦ករណី ដែលជាតួលេខកើនឡើងចំនួន ៦៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម កម្ពុជា, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៧៣១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ និងប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ។

គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨២ម៉ឺន ៤ពាន់ ៤៨៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៤៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៦លានករណី, និងការស្លាប់មានជាង ៦លាន ៨៦ម៉ឺននាក់៕

ads banner