រដ្ឋបាលរាជធានីភ្នំពេញស្នើពលរដ្ឋចូលរួមលើកម្ពស់សោភ័ណភាព និងថែរក្សាអនាម័យ កំលុងព្រឹត្តិការណ៍ស៊ីហ្គេម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យ-បរិស្ថានក្នុងកំលុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពី ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ខែឧសភានិងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែមេសានេះ គូសបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យ-បរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំមួយចំនួន។

សេចក្តីណែនាំបន្តថា ទី១. គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ខុនដូ ភោជនីយដ្ឋានជាអាទិ៍) និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀត សូមចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និងរៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារតាមរបង និងនៅមុខមូលដ្ឋានអាជីវកម្មរបស់ខ្លួនឱ្យបានផុលផុស ។ ២. គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ សូមចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះ ដោយត្រូវចងតាមលក្ខណៈបច្ចេកទេសនិងសមស្របតាមទំហំអគារ ឬទីតាំងរបស់ ខ្លួនចៀសវាងបង្កគ្រោះថា្នក់ និងបាត់បង់សោភ័ណភាព។ រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភ័ណភាព។ នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសួនច្បារ និងទឹកបាញ់ ត្រូវរៀបចំតុបតែងលម្អភ្លើងពណ៌បំភ្លឺចម្រុះពណ៍ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ផ្សាយអំពីសកម្មភាព និងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ។៣. គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ និង មូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវលក់ទំនិញដែលមានបិទស្លាកតម្លៃត្រឹមត្រូវនិងគុណភាពល្អ។៤.គ្រប់លំនៅឋាន មូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា នៅក្នុងរាជធានីភ្នំពេញ សូមចូលរួមថែរក្សា និងសម្អាតអនាម័យ-បរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោសសម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់។ ៥. គ្រប់គេហដ្ឋាន និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ការហាល សម្លៀកបំពាក់ ឬសម្ភារប្រើប្រាស់ផ្សេងៗនៅខាងមុខ ឬលើដំបូលគេហដ្ឋានធ្វើឱ្យប៉ះពាល់ដល់សោភណភាព។ ៦. ដោយឡែកចំពោះទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានាស្ថិតនៅតាមបណ្តោយមហាវិថី និងវិថីសំខាន់ៗនានា ត្រូវរៀបចំធ្វើរបងបិទបាំងទីតាំងរបស់ខ្លួន ឬកែលម្អឱ្យមាន សោភ័ណភាព និងរបៀបរៀបរយល្អ៕ ដោយ៖ សុខ រក្សា

ads banner