ក្រសួងការបរទេស នឹងពិភាក្សាអំពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ដោយមានការចូលរួមពីតំណាងក្រសួង ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ វេទិកានេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលបរទេស។ កាតព្វកិច្ចទាំងនោះ រួមមាន ការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជា និងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ទាំងនោះ ដែលកាតព្វកិច្ចទាំងអស់នេះ រួមចំណែកដល់ទំនួលខុសត្រូវ តម្លាភាព និងស័ក្តិសិទ្ធភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ៕
ដោយ៖ពលជ័យ