សម្ដេចក្រឡាហោម ស ខេង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន

ប៉េកាំង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយឯកឧត្តម វ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រមានិត នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម វ៉ាង ស៊ាងហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដ៏ល្អជាមួយកម្ពុជា និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចប្រជុំនាឱកាសនេះ ភាគីទាំងពីរនឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

សម្ដេចក្រឡាហោម បានបង្ហាញជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងរួមចំណែកកាន់តែសកម្មដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។

បន្ទាប់ពីកិច្ចប្រជុំបានប្រព្រឹត្តិទៅក្នុងបរិយកាសប្រកបដោយមិត្តភាព និងសហប្រតិបត្តិការស៊ីជម្រៅ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន។

បន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តម វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ចិន ក៏បានអញ្ជើញបំពាក់មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង ជូនសម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner