ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ជួបអ្នកទទួលការព្យាបាលក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ»
ភ្នំពេញ៖ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី ៣ខែឧសភាបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអ្នកដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» ចំនួន ១.៧២១ នាក់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាម ថា ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។

នាឱកាសនោះដែរឯកឧត្តម កែវ រ៉េមី ក៏បានធ្វើ្វការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូពេទ្យនៃមជ្ឈមណ្ឌល ដែលបានប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តក្នុងការគ្រប់គ្រង មើលថែ និងព្យាបាលជនរងគ្រោះ។ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូពេទ្យទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀត អំពីស្ថានភាពនៃការរស់នៅ ការព្យាបាល និងការធ្វើសមាហរណកម្មរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។

ក្នុងនោះផងដែរឯកឧត្តមក៏បានធ្វើការសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្វឹកនិងបង្ហាត់បង្រៀនដល់បងប្អូននៅក្នុងមជ្ឈមណ្ឌល ក្រោយចប់ការប្រកួតស៊ីហ្គេម ២០២៣ ដើម្បីឲ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់ថា ជារឿងមួយល្អប្រសើរដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចុះពិនិត្យមជ្ឈមណ្ឌលនេះ ជៀសជាងដែលមិនមានការពិនិត្យសោះ វានឹងធ្វើឱ្យទីតាំងនោះធ្វើអ្វីតាមអំពើចិត្តជាដើម៕

ដោយ៖ជា សុខនី