ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងជាជំហានៗរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងនូវការអបអរសាទរចំពោះសភាកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាពិសេសអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឡាវ-កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងជាជំហានៗរបស់ប្រទេសកម្ពុជា ដែលបានធ្វើឲ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍ ប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ក្រោមព្រះរាជដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងនេះ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម ប្រធានរដ្ឋឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។

ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការ ស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានរដ្ឋឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានអត្ថន័យ ប្រវត្តិសាស្រ្ត បន្តថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានជាយូរលង់មកហើយឱ្យកាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត ហើយនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋឡាវ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម) ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព” និងបានបញ្ជូនប្រតិភូកីឡាឡាវចំនួន៦៥៦នាក់ មកចូលរួមក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព។ សម្តេចបានសម្តែងនូវសុទិដ្ឋិនិយមថា កីឡាករឡាវនឹងទទួលបានជ័យជម្នះក្នុងវិញ្ញាសាកីឡាមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋឡាវបានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។ ឯកឧត្តមប្រធានរដ្ឋឡាវបានបញ្ជាក់ថា ក្នុងឋានៈជាប្រធានរដ្ឋ នេះជាលើកទី១ហើយដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្នុងតួនាទីផ្សេងៗ ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើករួចមកហើយ។ តាមរយៈដំណើរទស្សនកិច្ចនាពេលកន្លងទៅ ក៏ដូចនាពេលនេះ ឯកឧត្តមប្រធានរដ្ឋឡាវសូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងជាជំហានៗរបស់ប្រទេសកម្ពុជា ដែលបានធ្វើឲ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍ ប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ក្រោមព្រះរាជដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមប្រធានរដ្ឋឡាវ បានសម្តែងនូវការអបអរសាទរចំពោះសភាកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាពិសេសអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឡាវ-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋឡាវ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធភាជ្រាបអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីជួយគ្នា ហើយនឹងថែរក្សាប្រពែណីដ៏ល្អនេះ ឱ្យកាន់តែផ្លែផ្កាល្អប្រសើរជាងនេះថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តមសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជានឹងបន្តគាំទ្រដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋឡាវ បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ កាលពីពេលថ្មីៗនេះ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាចំពោះការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលសម្រេចបាន៨៦% ហើយនឹងបន្តការងារនេះឲ្យបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាបុព្វហេតុដ៏មានសារសំខាន់ណាស់ ដើម្បីធ្វើឱ្យខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ មានស្ថិរភាព និងទុកជាកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ។ ឯកឧត្តមប្រធានរដ្ឋឡាវបានសម្តែងនូវការអបអរសាទរ និងជូនពរប្រទេសកម្ពុជា សូមទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសប្បាយរីករាយជាអតិបរមា ដោយមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនលើគ្រប់វិស័យ ហើយត្រូវបានលើកកំរិតទំនាក់ទំនងជា “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង”។ ប្រជាជន រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យបានរឹងមាំខ្លាំងខ្លាជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេសជាតិទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋឡាវជ្រាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជក្រឹត្យផ្តល់សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ” រួចហើយ។ សម្តេចសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀងនេះ ដើម្បីឈានទៅសម្រេចឱ្យបាននូវការបោះបង្គោលព្រំដែនទាំងស្រុង ដើម្បីប្រែក្លាយព្រំដែននៃប្រទេសទាំងពីរឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅទាំងជំនាន់នេះ និងទៅជំនាន់តទៅមុខទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្តេចមានជំនឿជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវប្រទេសឡាវនឹងទទួលបានជោគជ័យឧត្តុង្គឧត្តមធំធេងបន្ថែមទៀតក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១-២០២៥ ដើម្បីនាំមកនូវសុភមង្គល វិបុលភាព និងភាពសម្បូររុងរឿងជូនប្រជាជនឡាវ និងសម្រេចបាននូវបំណងប្រាថ្នាក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានសម្រេចដំឡើងកម្រិតនៃកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ ពីកម្រិតគណៈកម្មការកិច្ចការបរទេសទៅ ជាកម្រិតថ្នាក់ដឹកនាំសភា។ ជាមួយគ្នានោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសភានៃប្រទេសទាំងពីរ ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ និងបានខិតខំយកចិត្តទុកដាក់ខ្ពស់រួមចំណែកថែរក្សាពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរ សភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ សមាជិកសភា ក្រុមមិត្តភាពសភាទ្វេភាគី និងរបស់ក្រុម CLV ទៅវិញទៅមក ហើយបានគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា រួមមាន៖ AIPA, APF, APPF, ASEP, IPU។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា នាពេលកន្លងទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តទាំងស្រុងនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ហើយលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ កម្ពុជាជានិច្ចកាលចាត់ទុកប្រទេសឡាវជាដៃគូល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណៈសម្បត្តិបន្តជួយគាំទ្រគ្នាទៅវិញទៅមកក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះសម្តេច ហើយតាមរយៈឯកឧត្តមប្រធានរដ្ឋឡាវ សម្តេចបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរជូនចំពោះឯឧត្តមប្រធារដ្ឋសភាឡាវ។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនគណៈប្រតិភូ មានសុខភាពល្អ មានសេចក្តីរីករាយ និងទទួលបានជោគជ័យថ្មីៗ ក្នុងឱកាសស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រសិទ្ធពរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរមានការរីកចម្រើនឡើងជាររៀងរហូត៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា

ads banner