សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។

តាមរយៈសារសម្លេងពិសេសនៅយប់ថ្ងៃទី៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានការពេញចិត្តជាមួយនឹងការលើកឡើងបំភ្លឺរបស់លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំង។ ដោយសម្តេចបានលើកឡើងថា ឥឡូវនេះ ទឹកកាន់តែថ្លាយើងមើលក្នុងទឹកឃើញនៅអ្វីដែលវាមាននៅក្នុងទឹក។ កាលពីមុនគេប្រឹងប្រែងដើម្បីកកូរទឹកឲ្យល្អក់។ ប៉ុន្តែពេលនេះតាមរយ:កូនៗដែលធ្លាប់ធ្វើសកម្មភាពបម្រើឲ្យការកកូរកកាយដោយជនបរទេសបាននឹងកំពុងបើកជាពន្លឺបន្ថែមទៀត។ អ្វីដែលរាជរដ្ឋាភិបាលបានប្រកាន់យកទប់ស្កាត់ជាមួយនឹងចលនាបដិវត្តន៍ពណ៌ ការផ្តួលរំលំតាម មធ្យោបាយមិនប្រជាធិបតេយ្យ គឺពិតជាត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បរទេសបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់មិនមែនជាបញ្ហាការមួលបង្កាច់ពីសំណាក់គណបក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនៗគឺជាសាក្សីរស់ពិតប្រាកដ។ ពុកអរគុណជាមួយ កូនៗ ដែលកូនៗ បានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយទៅជាធនធានមនុស្សដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។ ពុកសង្ឃឹមថា កូនៗនឹងក្លាយទៅជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា របស់ជាតិ ក៏ដួចជារបស់ក្រុមគ្រួសារ ដែលធ្វើឲ្យប្រទេសយើងរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ចំពោះកូនៗទាំងអស់ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។ សង្ឃឹមថា កូនៗនឹងក្លាយជាធនធានមនុស្សដ៏ល្អនាពេលអនាគត។ ទុករឿងអតីតកាលមួយឡែកសម្លឹងឆ្ពោះទៅរកអនាគតកាល។ ដោយសារកូនៗមានបទពិសោធន៍បម្រើឲ្យនយោបាយខ្មៅកខ្វក់របស់ជនបរទេសដែលនៅពីក្រោយខ្នង កូនៗច្បាស់ជាខិតខំថែរក្សាសន្តិភាព និងផ្អែកលើសន្តិភាពនោះ ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ៕
ដោយ៖ពលជ័យ

សូមជូនសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង៖

ads banner