មន្ត្រីនាំក្រសួងបរិស្ថាន អំពាវនាវឲ្យមានការស្តារបរិស្ថានឡើងវិញ តាមរយៈការអភិរក្សថែរក្សាដើមឈើនិងប្រព័ន្ធអេកូឡូស៊ី!

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ
ពាក្យរបស់ក្រសួងបរិស្ថាន បានអំពាវនាវឲ្យមានការចូលរួមអភិរក្ស និងថែរក្សាស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងថែរក្សាព្រៃឈើឡើងវិញ ។

មានប្រសាសន៍បែបនេះ ឯកឧត្តមថ្លែងក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « ការស្តារឡើងវិញ ប្រព័ន្ធអេកូឡូស៊ី » ដែលរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយនិង រដ្ឋបាលខេត្តដោយទទួលការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន វ័នហ្វ្រេតធើនីធី ឯ.ក ក្នុងគោលបំណងគាំពារបរិស្ថាន និងលើក
កម្ពស់ការយល់ដឹងអំពីបរិស្ថាន និងបញ្ជ្រៀបទៅដល់សាធារណៈជន សិស្ស និស្សិត និងជំរុញចលនាគាំពារបរិស្ថាន ជីវៈចម្រុះផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងថាៈភពផែនដី និងប្រព័ន្ធអេកូឡូស៊ីបានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវរស់នៅលើភពផែនដីក្នុងនោះក៏មានមនុស្សជាតិផងដែរ ។ រីឯស្បៀងអាហារ ទឹកសម្រាប់ពិសារ និងខ្យល់ដកដង្ហើម ដែលមនុស្សកំពុងត្រូវការ ក៏បានមកពីផែនដីផងដែរ
។ ឯប្រព័ន្ធអេកូឡូស៊ីរបស់ផែនដីបច្ចុប្បន្ន បានប្រឈមនឹងភាពរិចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិផ្សេងៗជាដើម ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថាៈយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារ ព្រៃឡើងវិញ ព្រោះថា « ធម្មជាតិអាចរីកលូតលាស់ ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ » ៕

ដេង ម៉ាវិន ( ខេត្តស្ទឹងត្រែង)

ads banner