វៀតណាមនាំចេញកាហ្វេរកចំណូលបាន៤៧៤លានដុល្លារ កើនឡើង៣០.៧ភាគរយ ក្នុងខែមេសា ឆ្នាំ២០២៣
ហាណូយ៖ ការនាំចេញកាហ្វេរបស់វៀតណាមបានកើនឡើងក្នុងខែមេសា បន្ទាប់ពីការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ២.៣ភាគរយនៅក្នុងត្រីមាសទី១ ដោយសារតម្លៃកាហ្វេបន្តកើនឡើង ដោយសារការរំពឹងទុកនៃការផ្គត់ផ្គង់សកលកាន់តែតឹងរ៉ឹង។
នេះបើតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាម ក្នុងខែមេសា ឆ្នាំ២០២៣ បានកើនឡើង៣០.៧ភាគរយ ដល់៤៧៤លានដុល្លារ នាំឱ្យប្រាក់ចំណូលពីការនាំចេញសរុបក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ មានចំនួន១.៧ពាន់លានដុល្លារ កើនឡើង២.៥ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម។

ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាម ក្នុងអំឡុងខែមករា ដល់ខែមេសា ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើង១.៨ភាគរយ ដល់ចំនួន៧៥៣,០០០តោន។ តម្លៃកាហ្វេក្នុងស្រុកបានបន្តកើនឡើងក្នុងសប្តាហ៍នេះ ដល់ប្រហែល៥២,០០០ដុង ឬប្រមាណ២.២ដុល្លារក្នុងមួយគីឡូក្រាម បន្ទាប់ពីកើនឡើង២៥ភាគរយក្នុងរយៈពេលបីខែដំបូង គិតចាប់ពីចុងឆ្នាំមុន និង១៧ភាគរយកាលពីដើមឆ្នាំ ដល់ចំនួន៤៨,៦០០ ទៅ ៤៩,០០០ដុង ឬប្រហែល២ដុល្លារក្នុងមួយគីឡូក្រាម។
នេះបើតាមនាយកដ្ឋាននាំចូលនាំចេញរបស់ក្រសួងពាណិជ្ជកម្មវៀតណាម។

គួរបញ្ជាក់ថា ការដាំដុះកាហ្វេរបស់ប្រទេសវៀតណាមបានគ្របដណ្តប់នៅលើផ្ទៃដីប្រហែល៧១០,០០០ហិកតា។ បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម តំបន់ដាំដុះកាហ្វេដ៏ធំបំផុតរបស់វៀតណាតម គឺនៅតំបន់ខ្ពង់រាបកណ្តាលមានប្រហែល៩០ភាគរយនៃទិន្នផលសរុប។ ជាមួយគ្នានេះ សមាគមកាហ្វេ-កាកាវវៀតណាមបាននិយាយថា វៀតណាមមានគោលដៅសម្រេចបានតម្លៃនាំចេញរហូតដល់៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ខាងមុខ៕


ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា