ពលករឡាវជាង២.៨០០នាក់កំពុងធ្វើការនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣នេះ

វៀងចន្ទន៍៖ អាជ្ញាធរឡាវបាននិយាយថា មានជនជាតិឡាវយ៉ាងតិច២,៨០០នាក់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងកិច្ចសន្យារយៈពេលខ្លី ដែលដំណើរការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

ជនជាតិឡាវយ៉ាងតិច២,៨០០នាក់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយពលករទាំងនោះ ភាគច្រើនបម្រើការងារនៅកសិដ្ឋាន និងវិស័យផ្សេងៗទៀត ស្ថិតក្រោមប្រព័ន្ធអនុញ្ញាតការងារ និងកម្មវិធីកម្មករតាមរដូវដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ។
អាជ្ញាធរកូរ៉េខាងត្បូងបានស្នើសុំពលករឡាវយ៉ាងហោចណាស់១.៥០០នាក់ក្នុងមួយឆ្នាំ។ នៅក្រោមប្រព័ន្ធអនុញ្ញាតការងារនេះ មនុស្សប្រហែល៥០០នាក់ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ សម្រាប់ការបម្រើការងារនៅកូរ៉េខាងត្បូង បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តភាសាកូរ៉េ ដែលគ្រប់គ្រងដោយសេវាកម្មអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកូរ៉េខាងត្បូង។

ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានឱ្យដឹងថា ពលករឡាវដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានផ្តល់ការងារនៅក្នុងឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជានៅក្នុងកសិដ្ឋាន។ កិច្ចសន្យាការងារនៅប្រទេសកូរ៉េខាងត្បូងមានរយៈពេលពី៥ខែទៅមួយឆ្នាំ។ ពលករឡាវនឹងទទួលបានប្រាក់បៀវត្សរ៍អប្បបរមាពី ១,៦០០ ទៅ ២,០០០ដុល្លារក្នុងមួយខែ ហើយមានសិទ្ធិទទួលបានអត្ថប្រយោជន៍សុខុមាលភាពសង្គមផងដែរ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានទទួលយកជនជាតិឡាវឱ្យធ្វើការងារនៅក្នុងប្រទេសខ្លួន បន្ទាប់ពីឆ្លងកាត់ការសាកល្បងជំនាញការងារ ស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៦ ស្តីពីប្រព័ន្ធអនុញ្ញាតការងារ (EPS-TOPIK)។ បច្ចុប្បន្នវៀតណាមមានកម្មករ៥៥.៧៩៥នាក់កំពុងបម្រើការនៅកូរ៉េខាងត្បូង, ហ្វីលីពីនមាន ២៦.២១៧នាក់ និងឥណ្ឌូនេស៊ីមាន២៤.៧៣២នាក់។ កាលពីឆ្នាំមុន ជនជាតិឡាវចំនួន៥០០,៧១២នាក់កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះមានស្ត្រីចំនួន២៧,១៧៦នាក់។ នេះបើតាមស្ថិតិពីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner